សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ឱ្យដឹងថា ការជ្រើសរើសយករបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលព្រះមហាក្សត្រ ទ្រង់គង់ជាព្រះប្រមុខរដ្ឋ គឺជាការត្រឹមត្រូវបំផុត ហើយស្ថិរភាពក្នុងរយៈពេល២០ឆ្នាំ នៃស្ថិរភាពរាជបល័ង្គរបស់កម្ពុជា ដែលជាស្ថាប័នព្រះប្រមុខរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសធ្វើកិច្ចការដើម្បីកសាងប្រទេសយ៉ាងពេញលេញ។ ការថ្លែងរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីមិទ្ទីងរម្លឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៥) នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានអ្នកចូមរួម ប្រមាណជាង២ម៉ឺននាក់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសម្រេចចិត្តរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ សម្ដេចតេជោលើកឡើងថា បទពិសោធន៍នេះ វាក៏ជាផ្នែកមួយនៃបទពិសោធន៍ ដែលសម្ដេចឪ ព្រះករុណាព្រះបរមរតនកោដ្ឋ បានរក្សាទុកឱ្យយើង។ សម្ដេចតេជោបានថ្លែងរម្លឹកផងដែរថា អតីតព្រះហាក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានដាក់រាជ្យ ហើយប្រគល់រាជសម្បត្តិថ្វាយព្រះមហាក្សត្របច្ចុប្បន្ន សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ សម្ដេចតេជោបានអះអាងថា ស្ថិរភាពរយៈពេល២០ឆ្នាំ គឺស្ថិរភាពរាជបាល័ង្គ គឺជាស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋ ដែលបច្ចុប្បន្ននេះប្រទេសមួយចំនួនកំពុងទើបប្រទះវិបត្តិស្ថាប័នប្រមុខរដ្ឋផង និងស្ថាប័នរដ្ឋាភិបាលផង ករណីដូចជា កូរ៉េខាងត្បូង និងប្រទេសបារាំងបច្ចុប្បន្ន គឺបង្ហាញច្បាស់អំពីបញ្ហាការអស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះថ្នាក់ដឹកនាំទាំងឡាយ ដែលរួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលបានស្ម័គ្រចិត្តចាកចេញ ហើយទុកលទ្ធភាពឱ្យមន្ត្រីបន្តវេនធ្វើកិច្ចការដ៏ល្អរបស់ពួកគេ និងថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីទាំងអស់ ដែលបានខិតខំធ្វើកិច្ចការដ៏ល្អ ក្នុងនីតិកាលទី៧នេះ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍បន្តថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ ទន្ទឹមនេះ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យ ខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ ២០២៨ ខាងមុខ។ សម្ដេចតេជោបន្ដថា រាជរដ្ឋាភិបាល បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីរក្សាសន្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹង ពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដែលនឹងផ្តល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បីបង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។ លើសពីនេះទៀត នៅចុងឆ្នាំ ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំជាអន្តរជាតិប្រកបដោយជោគជ័យចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC), ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP12th), ៣. សម័យប្រជុំពេញអង្គនៃសភា អន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11th) និង៤. កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចប្រជុំទាំងនេះ បានលើកស្ទួយថែមទៀតនូវ កិត្យានុភាពរបស់កម្ពុជា ប្រទេសជាច្រើនបានទទួលយកនូវមេរៀនពិសោធន៍ដ៏មានតម្លៃបំផុតរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ៕ ដោយ៖ ជឺម ណារី AKP