ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតជូនពរ ឧកញ៉ា ចាន់ សុឃាំង ដែលត្រូវបានទទួលសំឡេងគាំទ្រជាប់ជា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥

ភ្នំពេញ: អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា ចាន់ សុឃាំង ដែលត្រូវបានទទួលសំឡេងគាំទ្រជាប់ជា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ពីសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃអង្គារទី២៦ ខែសីហា ឆ្នាំ២០២៥។

នារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង ពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្ត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្គរកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
ជាលទ្ធផល ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតចំនួន ១១៧រូប ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ នេះ ទទួលបានលទ្ធផល ដូចខាងក្រោម៖
– ឧកញ៉ា ទ្បាយ ឈុនហួ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥
– សមាជិក ២៨ រូប ត្រូវបានជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាភិបាល
– សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣ រូប ដែលបានបោះឆ្នោតជ្រើសរើសដោយសហគមន៍កសិកម្ម
– ឧកញ៉ា ចាន់ សុឃាំង ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥៕