(កណ្តាល)៖ ឯកឧត្តមណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះដំណាលជាមួយលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ ស្ថិតនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមផងដែរ ពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក, គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស សរុបចំនួន ៥២៩ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការជួបជុំនេះ គឺមុនពេលប្អូនៗត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៦នេះហើយសង្ឃឹមថា តាមរយៈការប្រឹងប្រែងទាំងប្រាជ្ញា និងស្មារតី ដែលប្អូនៗបានខិតខំនឹងទទួលបានជោគជ័យលើការសិក្សា ដោយទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំមុនៗថែមទៀត។
លើសពីនេះ ដើម្បីទទួលបាននិទ្ទេសល្អប្អូនៗ ត្រូវខិតខំប្រឹងប្រែងសិក្សាកុំទុកពេលទំនេរចោល ដោយផ្តោតលើការធ្វើលំហាត់មេរៀនចាស់ៗ ជាពិសេសវិញ្ញាសារប្រឡងទាំងអស់កាល ១០ឆ្នាំមុនរហូតដល់បច្ចុប្បន្ន ដោយយកមកធ្វើដោះស្រាយចំណោទទាំងអស់នោះជាប្រចាំ តាមអភិក្រមនៃការទន្ទេញមេរៀន ការអាន ការសរសេរ និងការអនុវត្ត កត់ត្រានូវសំណួរ ចម្លើយឡើងវិញជាពិសេស ពេលព្រឹកឡើង ត្រូវផ្តោតលើមុខវិជ្ជាសំខាន់ៗ ចំនួន៣ រួមមាន រូបវិទ្យា គណិតវិទ្យា និងគីមីវិទ្យា។
ឯកឧត្តមណ្ឌិត កៅ ថាច បានបញ្ជាក់ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងនោះថា រយៈពេល១២ឆ្នាំមកនេះ ឪពុកម្តាយរបស់ក្មួយៗបានចំណាយថវិកា និងកម្លាំងកាយចិត្តច្រើនណាស់ ដើម្បីផ្គត់ផ្គង់ឲ្យក្មួយៗបានសិក្សាទម្រាំប្រឡងបញ្ចប់ថ្នាក់ទី១២ និងមហាវិទ្យាល័យ ព្រោះតែចង់ឃើញក្មួយៗមានចំណេះវិជ្ជា សមត្ថភាពសម្រាប់ចិញ្ចឹមជីវិតរស់នៅក្នុងគ្រួសារ សង្គមជាតិប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៅពេលអនាគត ហើយសង្ឃឹមថា នឹងក្លាយជាយុវជនមួយខ្លាំងមានសមត្ថភាពចូលរួមចំណែក បម្រើសង្គមជាតិយើងថែមទៀត។
បន្ថែមពីនេះយុវជនត្រូវតែប្រែក្លាយ បញ្ហាទៅជាឱកាស ជាពិសេស ក្នុងពេលសិក្សា ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹង ជំនាញឲ្យខ្លាំង ដើម្បី ក្លាយជាមូលធនមនុស្ស ដែលពូកែ និងខ្លាំងទៅអនាគត សម្រាប់ជាគ្រឹះចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងការពារជាតិយើង៕












