ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម តាន់ ផាន់ណារ៉ា ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមការងារនៃស្ថានទូតអង់គ្លេស ដឹកនាំដោយលោកស្រី Ricke Jennings, DEFRA Regional Counsellor ប្រចាំអាស៊ីអាគ្នយ៍ និងលោកស្រី Kimberly Bugo

ភ្នំពេញ: ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការីនារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារនៃស្ថានទូតអង់គ្លេស ដឹកនាំដោយលោកស្រី Ricke Jennings, DEFRA Regional Counsellor ប្រចាំអាស៊ីអាគ្នយ៍ និងលោកស្រី Kimberly Bugo មន្រ្តីគាំទ្រការនាំចេញ មកពីក្រសួងទុរកិច្ច និងពាណិជ្ជកម្ម។
គោលបំណងនៃកិច្ចជួបពិភាក្សានេះ ដើម្បីស្វែងរកកិច្ចទំនាក់ទំនងទុរកិច្ច និងពាណិជ្ជកម្មក្នុងវិស័យចិញ្ចឹមសត្វដោយផ្តោតជាសំខាន់លើសេនេទិកគោជាចម្បង និងការងារពាក់ព័ន្ធ ដែលកម្ពុជាកំពុងមានតម្រូវការជាពិសេសការអភិវឌ្ឍន៍ការចិញ្ចឹមគោយកសាច់ និងគោយកទឹកដោះ។
លោកស្រីបានលើកឡើងពីភាពលេចធ្លោខាងសេនេទិកសត្វ និងបច្ចេកវិទ្យាដែលអាចជួយលើកកម្ពស់ការចិញ្ចឹមគោនៅកម្ពុជាក្នុងរយៈពេលយូរអង្វែង និងមាននិរន្តភាព។ លោកស្រីនឹងបង្កើតបណ្តាញទំនាក់ទំនងជាមួយកម្ពុជាជាពិសេសតាមរយៈសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងស្ថាប័នពាក់ព័ន្ធតាមរយៈការណែនាំក្រុមហ៊ុនល្បីៗនៅចក្រភពអង់គ្លេស។
ឯកឧត្តមអគ្គនាយក បានលើកអំពីភាពចាំបាច់ក្នុងការធ្វើការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជាជាពិសេសការកែលម្អពូជគោ ការផលិតវ៉ាក់សាំងសត្វ និងការរៀបចំសត្តឃាតដ្ឋានឱ្យសមស្របនឹងស្តង់ដារ។
ក្នុងកិច្ចពិភាក្សានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារនៃស្ថានទូតអង់គ្លេសក្នុងវិស័យចិញ្ចឹមសត្វ។