ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកវិស្វកម្មកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូតសម្រេចបានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសនៅក្នុងការបណ្តុះបណ្តាល ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយនៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នោះគឺ វិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានសរុបចំនួន ១០ ១៧២នាក់ (ស្រី ៤៧៥នាក់) គិតត្រឹមឆ្នាំ២០២៥ ដែលក្នុងនោះ វិស្វករជាតិមានចំនួន ១០ ១២៨នាក់ (ស្រី ៤៧៥នាក់) និងវិស្វករបរទេសចំនួន ៤៤នាក់ផងដែរ ខណៈដែលវិស្វករដែលទទួលបានការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពប្រតិបត្តិជំនាញសរុបមានចំនួន ១៤ ០៦១នាក់ (ស្រី ១ ៣០៧នាក់)។

ក្រៅពីបានផ្សព្វផ្សាយអំពីសារប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅតាមក្រសួង-ស្ថាប័ន និងនៅតាមរាជធានី-ខេត្ត គណៈវិស្វករកម្ពុជាក៏បានចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធរបស់វិស្វករអាជីពដល់និស្សិតនិងកិច្ចប្រជុំដ៏មានសារៈសំខាន់ផ្សេងៗជាមួយអាស៊ានផងដែរ។

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម បញ្ចេញមតិយោបល់ ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុចខ្វះខាត ដោយធ្វើយ៉ាងណាឱ្យការបំពេញការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រព្រឹត្តទៅឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម ហេង សួរ បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករដែលចុះបញ្ជីដំបូងមិនអាចបន្តចុះបញ្ជីជាវិស្វករអាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយដូចជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម និងខិតខំបញ្ចុះបញ្ជូលទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន ព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់វិស្វករដំបូង និងអាជីព។

ក្នុងខណៈពេលដែលតម្រូវការវិស្វករអាជីពកាន់តែច្រើនឡើង និងសំខាន់នៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមគោលដៅអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការចុះបញ្ជីវិស្វករ ដោយឯកឧត្តមគូសបញ្ជាក់ថា ការផ្សព្វផ្សាយកាន់តែច្រើននឹងធ្វើឱ្យមានការស្គាល់ និងឈ្វេងយល់ពីគណៈវិស្វករកម្ពុជាកាន់តែទូលំទូលាយ ហើយកិច្ចសហការក៏មានកាន់តែច្រើនផងដែរ។ ក្រៅពីនេះ ក៏ត្រូវកំណត់ទិសដៅអាទិភាព និងបេសកកម្មឱ្យបានច្បាស់លាស់ស្របតាមស្ថានភាពសង្គម, ពិនិត្យ និងធ្វើបញ្ជីច្បាប់ពាក់ព័ន្ធផ្នែកវិស្វកម្ម ដើម្បីបញ្ជូលទៅកម្មវិធីសិក្សា ក៏ដូចជាពង្រឹងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស៕

#MLVT #HENGSour