ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានចូលរួមប្រតិបត្តិការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចុះចែកឆេរទីតាំង កាស៊ីណូ ស៊ីន ហៅតឹក កាស៊ីណូ របស់ក្រុមហ៊ុន ញ តឹក អេនធើធេនម៉ិន ឯ.ក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែល សង្ស័យថា មានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ, កម្លាំង មានសមត្ថកិច្ច បានត្រួតពិនិត្យអគារចំនួន ៣ ស្ថិតក្នុងបរិវេណកាស៊ីណូ និងឃាត់ខ្លួនមនុស្សសរុបចំនួន ១៣ នាក់ (ចិន ១២នាក់ និងខ្មែរ ១ នាក់) ព្រមទាំងប្រមូលបានវត្ថុតាង មួយចំនួន ដូចជា ធុងកុំព្យូទ័រចំនួន ៣៤ គ្រឿង, កុំព្យូទ័រ All-In-One ចំនួន ៥១៧គ្រឿង និងទូរស័ព្ទដៃចំនួន ៣ ៧៩៥ គ្រឿង។
លទ្ធផល នៃការពិនិត្យលើកុំព្យូទ័រ និងទូរស័ព្ទ ដែលកំពុងប្រតិបត្តិការលើតុ បង្ហាញថាមានការរៀបចំ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, ដោយក្រុមហ៊ុន NEW PEAK ENTERTAINMENT CO., LTD. បានអនុវត្តផ្ទុយនឹងសេចក្តីណែនាំលេខ០០៣/២៦ អ.គ.ល.ក. សណន ចុះថ្ងៃទី៩ ខែកុម្ភៈ គ.ស.២០២៦, គ.ល.ក. បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ស៊ីន ហៅតឹក កាស៊ីណូ លេខ ៣១៩ គ.ល.ក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដែលបានផ្តល់ជូនក្រុមហ៊ុន ញូ កឹក អេនធើធេនម៉ិន ឯ.ក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈ សេចក្តីសម្រេចលេខ០១៣៨គ.ល.ក.សសរ ចុះថ្ងៃទី១២ខែឧស៊ីគ.ស.២០២៦។
គួររំលឹកផងដែរថា តាមរយៈសេចក្តីប្រកាសព័ត៌មាន លេខ០០៣/២៦ ប្រ.ក.អអរ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយស ជាតិលើឆាកអន្តរជាតិ។ ក្នុងស្មារតីនេះ គ.ល.ក. នឹងប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទ-បញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបន្តសហការជាមួយក្រុមការងារ ចម្រុះចំណុះលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. និង កម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរ ដោយមិនមានករណីលើកលែងចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូទាំងឡាយណា ដែលសង្ស័យថាមាន ជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ។


