ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំសហការីចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីពិភាក្សាអំពីវិស័យកសិកម្ម និងការអភិវឌ្ឍន៍។
ក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតក៏បានលើកឡើងពីបច្ចុប្បន្នភាព នៃការរីកចម្រើនសេដ្ឋកិច្ចខេត្តព្រមទាំងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេស សក្តានុពលលើវិស័យទេសចរណ៍ សេវាកម្ម កសិកម្ម ការចិញ្ចឹមសត្វ និងផលិតផលគ្រឿងសមុទ្រ ដែលផ្តល់ចំណូលដោយផ្ទាល់ដល់កសិករក្នុងស្រុកផងដែរ។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏បានចែករំលែកបទពិសោធន៍ និងពីព័ត៌មានថ្មីៗលើវិស័យកសិកម្មថា កសិករយើងនៅតាមបណ្តាខេត្តដែលធ្វើកសិកម្មជួបបញ្ហាសឹងតែភាគច្រើនមិនថា ការផលិតស្រូវ ដាំដុះបន្លែ និងចិញ្ចឹមសត្វនោះទេ គឺផលិតបានហើយ មិនដឹងខ្លួនឯងបានចំណេញឬខាតនោះឡើយ ព្រោះមិនបានគិតពីថ្លៃដើមផលិតដែលជាកង្វល់ធំសម្រាប់ពួកគាត់។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ទៀតថា ដោយឡែកក្នុងចំណោមសក្តានុពលជាច្រើន ខេត្តកំពតក្រៅពីទេសចរណ៍ និងសេវាកម្ម ហើយលើសពីនេះការចិញ្ចឹមសត្វ ដាំដុះបន្លែគ្រប់ប្រភេទក៏ជាតម្រូវការដ៏ធំសម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកផងដែរ ជាពិសេស ជាខេត្តជាប់ព្រំដែនប្រទេសជិតខាងយើងមិនត្រូវពឹងផ្អែកលើផលិតផលគេនាំចូលនោះទេ ដោយត្រូវពង្រឹងខ្លួន ជំរុញការវិនិយោគលើវិស័យកសិកម្មដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងតាមរយ:ការផលិតក្នុងស្រុក៕











