ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារចុះជួយមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៧០នាក់។ សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយក ៥រូប ធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ ដោយទទួលបានសន្លឹកឆ្នោតបានការចំនួន ២៣០សន្លឹក និងមិនបានការចំនួន ១សន្លឹក។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំស៊ីធរ ដែលអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តដោយផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើនទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ និងការណែនាំគន្លឹះសំខាន់ៗដល់យុវជនបក្ស ដូចខាងក្រោម៖
– ការពង្រឹងសមត្ថភាព និងកាយសម្បទា៖យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និងសុខភាពរាងកាយតាមរយៈការលេងកីឡា ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមការពារបរិស្ថាន ដើម្បីកសាងស្មារតីស្នេហាជាតិដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងការពារកសាងកេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ។
-ការស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា៖យុវជនមិនត្រូវមានការព្រួយបារម្ភចំពោះការចូលរួមបំពេញកាតព្វកិច្ចយោធានោះទេ ព្រោះនេះជាឱកាសមាសក្នុងការហ្វឹកហាត់ពង្រឹងកាយសម្បទា វិន័យ និងស្មារតីទទួលខុសត្រូវចំពោះជាតិ មាតុភូមិ។ ក្រោយពេលបញ្ចប់ភារកិច្ច យុវជននឹងត្រឡប់មកបន្តការសិក្សា ឬបំពេញការងារប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញ។
-ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ៖យុវជនត្រូវរៀនសូត្រជាប្រចាំ ជាពិសេសចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការបង្កើតប្រាក់ចំណូល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានបង្ហើបពីផែនការរបស់គណបក្ស ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុជូនដល់យុវជនបក្សនាពេលខាងមុខផងដែរ។
នាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានរំលឹកថា ការបោះឆ្នោតនេះគឺជាការស្តែងចេញនូវមតិស្របតាមលទ្ធិប្រជាធិបតេយ្យ និងស្របតាមលក្ខន្តិកៈរបស់គណបក្ស។ ឯកឧត្តមបានដាស់តឿនដល់បេក្ខជនដែលទទួលបានការទុកចិត្ត និងជាប់ឆ្នោតទាំងអស់ ត្រូវប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ យុវជន និងសង្គមជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត៕