ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

ឃុំជាច,ស្រុកកំចាយមារ ខេត្តព្រៃវែង ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅមកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ព្រៃវែង។
តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សោម ខុន មេឃុំជាច និងលោក ថាច សុខ ស្មៀនឃុំជាច ព្រមក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងខាងលើនេះ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ក្នុងឃុំជាចនិងស្រុកកំចាយមារទាំងមូល មានការអភិវឌ្ឍយ៉ាងខ្លាំងខ្លាលើហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រ និងសេដ្ឋកិច្ចមូលដ្ឋាន ក្រោមគម្រោងថវិកាមូលនិធិឃុំ-សង្កាត់ និងការជួយជ្រោមជ្រែងពីក្រុមការងាររាជរដ្ឋាភិបាល។
តាមរយៈសមិទ្ធផលនិងការអភិវឌ្ឍសំខាន់ៗកន្លងមករួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ ការកសាងផ្លូវបេតុង និងក្រួសក្រហម ផ្លូវលំដីតាមភូមិជាច្រើនខ្សែត្រូវបានប្រែក្លាយជា ផ្លូវបេតុង ឬផ្លូវក្រួសក្រហម ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិកផល។
ក្រៅពីនេះរួមមានបណ្តាញផ្លូវជាតិទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់នៃ ផ្លូវជាតិលេខ៨ ដែលជួយជំរុញសេដ្ឋកិច្ចជាមួយតំបន់ជុំវិញ។ វិស័យធារាសាស្ត្រ និងកសិកម្ម ប្រឡាយមេទុកស្រូវ គម្រោងសាងសង់ ប្រឡាយមេទុកស្រូវដ៏ធំដែលនាំទឹកពីកសិណហ្លួងព្រះស្តេចកន ជួយធានាប្រភពទឹកស្រោចស្រពសម្រាប់ប្រជាពលរដ្ឋដែល ៩០% ជាកសិករ។
ដោយឡែក ចំពោះ សេវាសាធារណៈ និងជីវភាពរស់នៅ ព្រមទាំងប្រព័ន្ធទឹកស្អាតរួមមាន ការពង្រីកការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់។ ជារួមវិស័យសុខាភិបាល និងអប់រំ ការសាងសង់អគារសិក្សាថ្មីៗ និងការបំពាក់បរិក្ខារវេជ្ជសាស្ត្រនៅតាមមណ្ឌលសុខភាពផងដែរ។