ខេត្តព្រះវិហារ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងខេត្តព្រះវិហារ។
ពិធីសំណេះសំណាលដ៏មានសារសំខាន់នេះប្រព្រឹត្តទៅ ក្រោមវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្ថិតនៅភោជនីយដ្ឋាន ចក់ សំបូរិន សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានឡើងអានរបាយការណ៍ស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីស្ថានភាពទូទៅនិងការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្តព្រះវិហារផងដែរ។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសាកសួរសុខទុក្ខ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនយ៉ាងសកម្មនាពេលកន្លងមក។
គោលបំណងសំខាន់ ពិធីនេះសំណេះសំណាលគឺ ដើម្បីពង្រឹងទំនាក់ទំនង ស្វែងយល់អំពីស្ថានភាពការងារ និងការអនុវត្តតួនាទីភារកិច្ចនៅមូលដ្ឋាន ព្រមទាំងផ្តល់អនុសាសន៍តម្រង់ទិស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងារ និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ ក្នុងការពង្រឹងគុណភាពការងារក្នុងនាមជាមន្រ្តីរាជការ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
សូមជម្រាបថា វត្តមានការអញ្ជើញចូលរួមរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសនោះក៏បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងសកម្ម ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាល និងការពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រីកការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព៕








