បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឯកឧត្តមបាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យខ្សែច្រវាក់ផលិតកម្មដោយផ្ទាល់នៅ កសិដ្ឋានចំការកំពង់ល្ពៅ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប និងការធានាសន្តិសុខស្បៀងក្នុងស្រុក។
កសិដ្ឋានចំការកំពង់ល្ពៅ ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ជាមួយផ្ទះសំណាញ់ជាង១០០ខ្នង សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។
នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្ដែងនូវការកោតសរសើរចំពោះគុណភាពដី ថាមានជីវជាតិ ដែលធ្វើឲ្យការដាំដុះនៅក្នុងផ្ទះសំណាញ់ ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ឆ្លើយតបយ៉ាងចំៗទៅនឹងតម្រូវការ។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រតិភូ ក៏បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាកសិករដទៃទៀត ខិតខំប្រឹងប្រែងពង្រីកការដាំដុះដំណាំបន្លែផ្សេងៗ និងត្រសក់ផ្អែមនេះបន្ថែមទៀត។
វិស័យកសិកម្មកម្ពុជា នៅតែជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ហើយការងាកមកដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បែបនេះ នឹងជួយបង្កើតឱកាសការងារក្នុងសហគមន៍ បង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។
លោក សៀង កាង ម្ចាស់កសិដ្ឋានចំការកំពង់ល្ពៅ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ដែលបានចំណាយពេលវេលា ចុះពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជម្រុញ និងពង្រីកការដាំដុះបន្លែចម្រុះ និងត្រសក់ផ្អែមបន្ថែមទៀត៕










