ភ្នំពេញ៖ លោក ឆាយ ប៉ាង ម្ចាស់ សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង បានចូលរួមកិច្ចប្រជុំជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគម។
កិច្ចប្រជុំនេះរៀវចំឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋកិច្ច ដើម្បីកាត់បន្ថយថ្លៃម្ហូបអាហាររវាងជនបទ និងទីក្រុង, ពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ ព្រមទាំងលើកកម្ពស់ជីវភាពជនភៀសសឹក។
សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង សូមប្តេជ្ញាបន្តផលិតចំណីសត្វដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងមានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ដល់បងប្អូនប្រជាកសិករទូទាំងប្រទេស និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា។
សូមរំលឹកថា សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង ចាប់ផ្ដើមក្តីស្រមៃហើយមានកសិដ្ឋានចិញ្ចឹមគោដែលមានលក្ខណៈទំនើប ស្អាត និងប្រកបដោយនិរន្តរភាព ប្រើប្រាស់ចំណីដែលមានគុណភាពខ្ពស់ ការថែទាំសុខភាពសត្វ អនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ផលិតសាច់គោ ដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ និងជួយលើកកម្ពស់ជីវភាពគ្រួសារ ព្រមទាំងបង្កើតការងារជូនប្រជាជននៅក្នុងសហគមន៍ផងដែរ។
