ភ្នំពេញ៖តបតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមសិក្ខាសាលាស្តីពី “ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតប្រចាំនៅកម្ពុជា សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ជាដើម នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានសង្កត់ធ្ងន់ទៅលើស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ការវិវត្តនានាដែលជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន និងយុទ្ធសាស្រ្តសម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា កំពុងរងសម្ពាធពីភូមិសាស្រ្តនយោបាយតំបន់ និងសកល (សង្រ្គាមរុស្សី-អ៊ុយក្រែន និងសង្រ្គាមមជ្ឍឹមបូព៌ា) ការកើនឡើងតម្លៃប្រេងឥន្ទនៈ ជម្លោះព្រំដែនកម្ពុជា-ថៃ សម្ពាធម៉ាក្រូសេដ្ឋកិច្ចខាក្រៅ និងបញ្ហាប្រែប្រួលអាកាសធាតុ ជាដើម។
ស្របពេលនឹងវិបត្តិនេះ សេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានកាលានុវត្តភាពក្នុងការបន្តពង្រឹង និងកែទម្រង់វិស័យគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តសម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០៥០ គឺការវិនិយោគលើមូលធនមនុស្សដោយផ្តោតពីកុមារ យុវជន រហូតដល់ពេញវ័យ ដើម្បីធានានូវការបង្កើនផលិតភាពការងារ “Productivity” ដែលជាកាតាលិករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។