ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។
ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។
ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា ការធ្វើកសិកម្មនាពេលបច្ចុប្បន្នមិនគួរផ្អែកតែលើទម្លាប់ដែលបន្តពីជំនាន់មួយទៅជំនាន់មួយនោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរទៅរកការផលិតដែលផ្អែកលើបច្ចេកទេស ទើបទទួលបានទិន្នផលខ្ពស់ គុណភាព និងទីផ្សារ។
លើសពីនេះឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកជូនកសិករថា ពូជគឺជាកត្តាសំខាន់មួយក្នុងការកំណត់ទិន្នផលប្រសិនបើកសិករបន្តប្រើពូជចាស់ៗដែលរក្សាទុកតៗគ្នាពីជំនាន់មុនៗមក ដោយមិនមានការជ្រើសរើស ឬកែលម្អពូជថ្មីទេនោះ ទិន្នផលអាចមិនខ្ពស់ដូចពូជដែលមានគុណភាព ។
ជាមួយគ្នានេះ ការថែទាំដំណាំក៏ជាកត្តាសំខាន់មិនអាចមើលរំលងបានហើយចំណុចនេះកសិករត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹក ការដាក់ជី និងការប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ តាមពេលវេលា ព្រោះការប្រើប្រាស់ខុសពេលវេលា ឬខុសបច្ចេកទេសអាចធ្វើឱ្យការចំណាយកើនឡើង ប៉ុន្តែមិនទទួលបានប្រសិទ្ធភាពតាមការរំពឹងទុក។
ឯកឧត្តមបណ្ឌិតប្រតិភូបានប្រៀបធៀបថា ដំណាំក៏ដូចជាមនុស្សដែរ នៅពេលមនុស្សឃ្លាន ត្រូវការអាហារ ហើយដំណាំក៏ត្រូវការសារធាតុចិញ្ចឹមនៅតាមដំណាក់កាលនៃការលូតលាស់នីមួយៗ។ ដូច្នេះការដាក់ជី ការផ្តល់ទឹកនិងការការពារជំងឺ ឬសត្វល្អិតត្រូវធ្វើតាមពេលវេលា និងតាមតម្រូវការរបស់ដំណាំនីមួយៗ។
បន្ថែមពីនេះជុំវិញបញ្ហាដែលកសិករកំពុងជួបប្រទះនៅស្រុកគូលែន ខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូបានប្រាប់កសិករថា វាមិនមែនជាបញ្ហារបស់តំបន់នេះតែមួយនោះទេ ប៉ុន្តែជាបញ្ហាដែលកសិករនៅទូទាំងប្រទេសកំពុងប្រឈម ដូចជា ថ្លៃដើមផលិតកម្មខ្ពស់ ទិន្នផលមិនទាន់ទទួលបានតាមគោលដៅ ព្រមទាំងបញ្ហាទឹក បច្ចេកទេស និងទីផ្សារផងដែរ។
ហេតុដូច្នោះ ដើម្បីដោះស្រាយកង្វល់ខាងលើនេះ ប្រជាកសិករគួរតែពិចារណាងាកមកប្រើប្រាស់សេវាឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងចូលរួមជាមួយ សមាគមបណ្តាញកសិករតេជោ ដែលជាស្ពានចម្លងដ៏សំខាន់ ដើម្បីទទួលបានព័ត៌មាន បច្ចេកទេស និងលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់យកទៅពង្រីកអាជីវកម្ម ក្នុងអត្រាការប្រាក់អនុគ្រោះ និងមានភាពបត់បែនជូនដល់កសិករថែមទៀត៕
