ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកធនាគារ ARDB ណែនាំដល់កសិករនៅស្រុកឆែប ខេត្តព្រះវិហារត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិនមុនសម្រេចចិត្តដាំលើដំណាំអ្វីមួយ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ បានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជា ការចេះគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំលើដំណាំអ្វីមួយ។
នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមពី លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ដូច្នេះការចុះជួបដោយផ្ទាល់គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករមិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។
លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ ហើយជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុង១ហិកតាបានផលប៉ុន្មាន ហើយទិន្នផលដែលរំពឹងទុកមានប៉ុន្មាន មានន័យថា ការគណនាបែបនេះអាចជួយឱ្យកសិករដឹងថា តើក្នុងផលិតកម្មរបស់ខ្លួនមានប្រសិទ្ធភាព និងអាចទទួលបានប្រាក់ចំណេញកម្រិតណា។
ជាមួយគ្នានេះ កសិករត្រូវចេះកត់ត្រាលើការចំណាយ និងចំណូលឱ្យបានច្បាស់លាស់ប្រចាំថ្ងៃ ដើម្បីអាចវាយតម្លៃពីប្រសិទ្ធភាពនៃការផលិតនឹងសម្រេចចិត្តបានត្រឹមត្រូវថា តើគួរបន្តដាំដំណាំណាឬផ្លាស់ប្តូរទៅដំណាំណាដែលមានទីផ្សារអាចផ្តល់ប្រាក់ចំណេញល្អជាង។
លើសពីនេះទៀត កសិករត្រូវចេះជ្រើសរើសពូជដែលមានគុណភាព និងត្រូវបានបន្សុទ្ធត្រឹមត្រូវ ជំនួសឱ្យការប្រើពូជចាស់ ឬពូជដែលមិនមានប្រភពច្បាស់លាស់។ ការជ្រើសរើសពូជល្អ ត្រូវភ្ជាប់ជាមួយការថែទាំត្រឹមត្រូវ ការប្រើប្រាស់ជីធម្មជាតិ និងវិធីសាស្ត្រគ្រប់គ្រងសត្វល្អិតដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមនឹងបង្កើនទិន្នផលខ្ពស់ជាងមុន។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជូនកសិករថា សូមឱ្យប្រជាពលរដ្ឋចូលរួម បើកគណនីធនាគារ ARDB និងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (ARDB App) ដើម្បីងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ និងផ្ទេរប្រាក់ ក្នុងនោះអាចប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានសុវត្ថិភាពបំផុត។
ជាពិសេសកម្ចីពីធនាគារ ARDB អាចប្រើប្រាស់ក្នុងគោលបំណងដែលពាក់ព័ន្ធនឹងកសិកម្ម ដូចជា ការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃ និងសកម្មភាពអាជីវកម្មក្នុងខ្សែច្រវាក់កសិកម្ម ពោលធនាគារ ARDB ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងការធ្វើកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងមុខរបរដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដោយមានលក្ខខណ្ឌ អត្រាការប្រាក់ទាប និងមានភាពបត់បែនជានិច្ច។