ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ត្រូវជាស្វាមីរបស់ លោកជំទាវ សុខ កែវ បានទទួលមរណភាព នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ​ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ឯកឧត្ដមរដ្ឋមន្ត្រីបានចាត់ទុកមរណភាពរបស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់នូវស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់អស់កម្លាំងកាយ បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យកសិកម្ម សំដៅដល់ការ ជំរុញកំណើនសេដ្ឋកិច្ច ធានាស្ថិរភាពស្បៀង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយឆន្ទៈ និងមនសិការ មោះមុត ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ។

ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកប ដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

#MLVT #HENGSour