ភ្នំពេញ៖ ឯកឧត្តម ឡាយ ឈុនហាំង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន City Riceនិងជាអនុប្រធានសមាគមបណ្តាកសិករតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុនបានទិញស្រូវចំនួន ៣ប្រភេទគឺ ទី១ ស្រូវសែនក្រអូនទិញតម្លៃ ១០០០រៀលដឹកដល់រោងម៉ាស៊ីន ទី២ ស្រូវស្រងែតម្លៃ ៩៦០ រៀលដឹកដល់រោងម៉ាស៊ីន និងទី៣ស្រូវ OM5451 តម្លៃ៨៩០រៀល ហើយខាងក្រុមហ៊ុនប្រមូលទិញសរុបជាង ២ម៉ឺនតោនហើយ ដោយ១ថ្ងៃទិញចូលបរិមាណ២ ពាន់តោន។
ឯកឧត្តម ឡាយ ឈុនហាំង បានបញ្ចាក់ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន City Riceកាលពីថ្ងៃទី១៣ខែសីហា ដល់ពេលបច្ចុប្បន្ននេះ ហើយការធ្លាក់ចុះតម្លៃស្រូវបន្តិចនៅក្នុងខែសីហានេះ ដោយសារតែការប្រមូលផលស្រូវមានច្រើន ហើយអ្វីសំខាន់ទីផ្សារអង្ករអន្តរជាតិក៏បានធ្លាក់ចុះផងដែរ ប៉ុន្តែតាមផែនការក្រុមហ៊ុន City Rice មានផែនការប្រមូលទិញស្រូវបរិមាណ ១០ម៉ឺនតោន សម្រាប់យកមកកិនកែច្នៃនាំចេញ។
សូមជម្រាបថា ទិន្នផលស្រូវកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់ពោលនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ បានកើនឡើងចន្លោះពី ១៤ ទៅ ១៥ លានតោន ដោយសារការប្រើប្រាស់ពូជស្រាវជ្រាវថ្មី ព្រមទាំងពូជរបស់ជាតិ និងការប្រើប្រាស់បច្ចេកទេសទំនើបផងដែរ។
ជុំវិញរដូវកាលប្រមូលផលនេះ ដើម្បីរក្សាស្ថេរភាពតម្លៃខាង សហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់គ្រប់រោងម៉ាស៊ីនជាសមាជិកនិងក្រុមហ៊ុននាំចេញអង្ករធំៗ ជំរុញការលក់អង្ករចេញ នឹងជួយទិញស្រូវរបស់ប្រជាកសិករឲ្យអស់លទ្ធភាព ក្នុងតម្លៃសមរម្យលើទីផ្សារឬក៏លើសតម្លៃទីផ្សារបន្តិច ដើម្បីជួយទប់តម្លៃកុំឲ្យធ្លាក់ចុះថែមទៀត ខណៈគិតត្រឹមថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៦នេះ កសិករនៅបន្តលក់ស្រូវធម្មតាមិនធ្លាក់ចុះខ្លាំងនោះដែរ។












