ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យ និងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុកនិងស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺ ក្នុងគោលបំណង តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនោះគឺ រោងម៉ាស៊ីន BRM ស្ថិតនៅ ស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice)
និង ទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវ ចំប៉ីស ដែលផលិតដោយ រោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី ៣០០ ហិកតា ទិន្នផល ៤តោនក្នុង១ហិកតា។

បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះពិនិត្យមើល សកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនអេមរុរ៉ាយស៍ ដែលកំពុងប្រមូលទិញស្រូវពីកសិករប្រភេទស្រូវសែនក្រអូប និង OM 5451 ចន្លោះ ៥០០ ទៅ៦០០តោនក្នុង មួយថ្ងៃ ហើយបានពិនិត្យមើលកន្លែងបន្សុទ្ធពូជស្រូវគំរូរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានស្រូវស្រង៉ែ និងសែនក្រអូប ដើម្បីបន្សុទ្ធត្រៀមចែកចាយដល់កសិករ បង្កើនទិន្នផល ធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានបន្តពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ១៦៩៨ ក្នុងខេត្តកំពង់ធំ ដែលកំពុងប្រមូលទិញស្រូវពីកសិករយកមកស្តុកទុក និងកិនកែច្នៃ សម្រាប់ផ្គត់ផ្គង់ទៅផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រូវរបស់កសិករ និងរក្សាស្ថេរភាពតម្លៃ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារគោលនយោបាយ បានជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុក បង្កើនការទិញស្រូវពីកសិករ នារដូវច្រូតកាត់ឆ្នាំនេះឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យដើម្បីយកស្តុកទុក សម្រាប់កិន និងកែច្នៃទៅជាអង្ករ បម្រើដល់ការនាំចេញផងដែរ៕