(ភ្នំពេញ)៖លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។ ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។































