ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

IMF នឹងចូលរួមអភិវឌ្ឍវិស័យធនាគារ ផ្តល់ជំនួយបច្ចេកទេស  និងវគ្គបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

 

ភ្នំពេញ៖ លោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីប្រចាំនៅកម្ពុជា ចូលជួបនិងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

លោក Yasuhisa Ojima បានប្តេជ្ញារួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ជំនួយបច្ចេកទេស។ លោកបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។

លោកជា ចាន់តូ ទេសាភិបាល បានបញ្ជាក់ពីប្រវត្តិ និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានិងថ្លែងអំណរគុណចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្សនៅកម្ពុជា។

ក្នុងនាម ធនាគារជាតិនៃកម្ពុជា សូមកោតសរសើរពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យតំណាង IMF នៅកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង IMF ចាប់តាំងពីមានវត្តមាននៅកម្ពុជានាដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។

សូមបញ្ជាក់ថា លោក Yasuhisa Ojima ទើបនឹងចូលមកកាន់តំណែងជាតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ៕