ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ និងទឹកជំនន់ 

ភ្នំពេញ​៖  ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ដល់​សាធារណជនឲ្យដឹងថា ចាប់ពី​ថ្ងៃទី​១៦-២២ ខែកញ្ញា ឆ្នាំ​២០១៩ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ ​។​

សេចក្តីជូនដំណឹងស្តីពី ស្ថានភាព​អាកាសធាតុ ប្រចាំ​សប្តាហ៍ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៦-១៨ ខែកញ្ញា ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) បន្ត​អូសបន្លាយ​លើ​ប្រទេស​កម្ពុជា​យើង និង​ចាប់ពី​ថ្ងៃទី​១៦-២២ ខែកញ្ញា នឹង​រំកិល​ឡើង​ទៅលើ កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​យើង​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់ថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស​៖
១-​បណ្តា​ខេត្ត​ភាគខាងត្បូង ភាគ​ពាយ័ព្យ និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​ទាំងនេះ បន្ត​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​។​

២-​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀងខ្យល់ និង​រលក​បក់បោក​ខ្លាំង​។ ដូច្នេះ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​៕​