សៀមរាប៖ លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រីហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះបានដឹកនាំគណៈប្រតិភូទាំងពីក្រសួងបានអញ្ជើញទស្សនកិច្ចសិក្សានៅសាលាបាយ ដែលជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ទីតាំងសិប្បកម្មផលិតកំប្លោក សិប្បកម្មអង្គរ ARTISANS SILK FARM សហគមន៍ទេសចរណ៍កំពង់ភ្លុក និងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀតក្នុងខេត្តសៀមរាប។
ដំណើរទស្សនកិច្ចនេះរៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍ និងតួនាទីតម្លៃស្ត្រី ដែលបានចូលរួមអភិវឌ្ឍន៍សង្គមជាតិតាមរយៈជំនាញវិជ្ជាជីវៈ និងសកម្មភាពការងាររបស់ខ្លួន ជំរុញបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចកាន់តែប្រសើ និងត្រូវបានលើកកម្ពស់។
នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ដែលមានការគាំទ្រយ៉ាងជិតស្និទ្ធពីក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូរ ដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់គុណភាព គុណតម្លៃ នៃស្នាដៃការងាររបស់ស្រ្ដី ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់ ។
សូមបញ្ជាក់ថា ជាជំហានថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំងពីរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល (ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព)។ ដែលបានផ្តល់ឱកាសការងារដល់ស្រ្តីសំដៅពង្រឹងភាពជាម្ចាស់ រួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នេះជាបញ្ជាក់ឱ្យឃើញថាស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម៕