លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០១៩ ចូលឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត១.៤លាននាក់ បានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ដែលមានការកើនឡើងប្រមាណ ២២.៧០% ធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន។
លោករដ្ឋមន្ត្រីទេសចរណ៍មានប្រសាសន៍ថា«សូមអរគុណសន្តិភាព ដែលសន្តិភាពនេះបានអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត»។
លោករដ្ឋមន្រ្តីបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាន និងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានភាពសប្បាយរីករាយ។
សូមរំលឹកថា ភ្ញៀវទេសចរអន្តរជាតិប្រមាណ៧.៦ ម៉ឺននាក់ធ្លាក់ចុះ៨.៩០ភាគរយ និងភ្ញៀវទេសចរជាតិ១.៣លាននាក់ កើនឡើង២៥.៣០ភាគរយ។ ចំណែក រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ប្រមាណ ៣៦ម៉ឺននាក់។
ខេត្តសៀមរាបប្រមាណ ៣០ម៉ឺននាក់ ខេត្តព្រះសីហនុ ប្រមាណជិត១០ ម៉ឺននាក់ ខេត្តកែប ប្រមាណ១៥ ម៉ឺននាក់ ខេត្តកំពត ប្រមាណ ជិត១៣ ម៉ឺននាក់ ខេត្តកោះកុង ប្រមាណ ៣ម៉ឺននាក់ ខេត្តមណ្ឌលគិរី ប្រមាណ១ ម៉ឺននាក់ ខេត្ត រតនគិរី ជិត៨ ពាន់នាក់ បន្ទាយមានជ័យជាង២ ម៉ឺននាក់ បាត់ដំបង ជិត៩ ម៉ឺននាក់ កំពង់ឆ្នាំងជាង៣ ម៉ឺននាក់ កំពង់ស្ពឺជាង២ ម៉ឺននាក់ និងខេត្តត្បូងឃ្មុំជិត៥ ម៉ឺននាក់។
កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕