អ្នកដឹកនាំអាជីវកម្មវ័យក្មេងនៅកម្ពុជាមួយរូប លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានប្រាប់យុវជននិងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកថា«គួរតែបញ្ឈប់ការតំអូញតំអែឬបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួនដាក់facebook ហើយការបង្ហោះនេះគេអាចសន្និដ្ឋាន និងវាយតម្លៃអ្នកបានតាមរយៈការផុសនេះតែម្តង»។
យោងតាម សហគ្រិនវ័យក្មេងខាងលើកឡើងថា « មានចំណុច ៥យ៉ាង ទាក់ទងនិងការផុសនៅលើ facebook របស់អ្នកគេនឹងអាចវាយតម្លៃបានទី១ អ្នកជាមនុស្សខ្សោយឬមនុស្សខ្លាំងទី២ មនុស្សទន់ជ្រាយឬជាមនុស្សរឹងមាំ ទី៣ មនុស្សចិត្តចង្អៀតចង្អល់ឬមនុស្សមានចិត្តទូលំទូលាយ ទី៤ មនុស្សអាត្មានិយម ឬមនុស្សដែលមិនចេះចែករំលែកដល់អ្នកដទៃ និងទី៥ មនុស្សមានផ្នត់គំនិតអវិជ្ជមានឬមនុស្សមានការគិតអវិជ្ជមានទៅលើមនុស្សជុំវិញខ្លួន»។
លើសពីនេះ បើសិនទាំងនោះគ្រាន់តែការផុសរឿងខូចចិត្ត ដើម្បីគ្រាន់តែចង់បានការឡាយឬការខំមិនឱ្យច្រើននោះវាមិនមែនជាផលប្រយោជន៍ជាវិជ្ជមានដល់អ្នកឡើយ។ ពោល វាផ្ទុយទៅវិញវាអាចមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់កិច្ចការដែលអ្នកត្រូវធ្វើជាមួយនឹងដៃគូដែលត្រូវសហការធ្វើអាជីវកម្មផ្សេងៗគ្នា។
ទោះយ៉ាងណា ហានិភ័យនឹងកើតឡើង នៅពេលដែលលោកអ្នកត្រូវ Apply ឬស្វែងរកការងារនៅតាមស្ថាប័ន និងក្រុមហ៊ុនណាមួយ ជៀសមិនផុតទេគេនឹងស្រាវជ្រាវឬវាយតម្លៃ តាមរយៈ ប្រវត្តិរូបអ្នកក្នុង facebook តែម្តង ដែលអ្នកបានផុសពេលកន្លងមក គេនឹងសន្និដ្ឋានថា តើអ្នកគួរជាដៃគូល្អក្នុងការធ្វើអាជីវកម្មដែរឬយ៉ាណា!។
ដូច្នោះ ការប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសបុកទស្សវត្តថ្មីនេះ វាមានគុណតម្លៃនិងគុណវិបត្តិនៅពេលអ្នកប្រើប្រាស់មិនបានឈរលើមូលដ្ឋានត្រឹមត្រូវ និងប្រើប្រាស់ខុសទិសដៅនោះ។ និយាយជារួមប្រព័ន្ធសង្គមមានឥទ្ធិលខ្លាំងដល់មហាជន និងសង្គមជាតិ ហើយបើសិនប្រើប្រាស់ខុសទិសដៅអ្នកនឹងជួបហានិភ័យផ្សេងៗជាមិនខាន ប៉ុន្តែប្រើត្រឹមត្រូវនិងមានក្រមសីលធម៌នោះអ្នកនឹងទទួលជោគជ័យលើអាជីវកម្ម នឹងនាំមកនូវសេចក្តីថ្លៃថ្នូរក្នុងសង្គម។