ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ដឹកនាំដោយលោកស្រីនាយិកា Ophelle BOURHIS ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាង សង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោង សាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជាដែលអាចទាក់ទាញការវិនិយោគពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ផងដែរ។

លោករដ្ឋមន្ត្រី បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពផ្តល់ ការគំាទ្រផ្នែកហិរញ្ញវត្ថុលើយុទ្ធនាការផ្សព្វផ្សាយសាធារណៈអំពីគ្រោះថ្នាក់ចរាចរណ៍ ផលលំបាកនិងការ ខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកស្រីនាយិកា បានកត់សម្គាល់លើសំណើនានារបស់លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងបានសន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែល ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា៕