ព្រះសីហនុ៖ កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ MS Westerdam នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសី ហនុ។ នាវានេះ ផ្ទុកអ្នកដំណើរសរុបចំនួន ១៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់។
កម្ពុជាតាមរយៈអាជ្ញាធរខេត្តព្រះសីហនុ រដ្ឋមន្ត្រីសំខាន់ៗ រួមទាំងតំណាងទូតតាមបណ្តាប្រទេសជាច្រើន បាននឹងកំពុងទទួលអ្នកដំណើរលើនាវា និងរៀបចំសម្រួលឲ្យ ពួកគេធ្វើដំណើរចាកចេញដោយសុវត្ថិភាព។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទៅស្វាគមន៍ការមកដល់របស់នាវាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «មិនមានការស្នាក់នៅនោះឡើយ នេះគ្រាន់តែជាដំណើរឆ្លងកាត់ប៉ុណ្ណោះ»។
លោក គួច ចំរើន បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងភាគីនាវា កំពុងសហការគ្នារៀបចំសម្រួលឯកសាររដ្ឋបាលចាំបាច់ឲ្យបានលឿនបំផុត។
ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ។
សូមបញ្ជាក់ថា នាវាឈ្មោះ MS Westerdamនេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេផងដែរ ។
ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់ គោលដៅ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោម ជ្រែងរបស់កម្ពុជា»៕