កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះបាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យកទៅផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើងស្ថាបនាផ្លូវលំ ១ខែ្ស ប្រវែង ៧០០០ម៉ែត្រ ស្ថិតឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧកញ៉ាថ្លែងថា« អំណោយនេះគឺ ក្នុងគោលបំណងសំខាន់ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់»។
លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ទៀតថា សូមអំណរគុណ និងសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រ និងទទឹង ៧តភ្ជាប់ទៅផ្លូវជាតិលេខ ៨នៅក្នុងឃុំ ទងត្រឡាច យើងនេះ។
លើសពីនេះឧកញ៉ាបញ្ជាក់ថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺវានឹងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដី និងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ។
លោកឧកញ៉ាបានបន្ថែមថា តាមរយៈការចារឹកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូបមានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។
លោកឧកញ៉ា ឡូវ ហ៊ឹង បានប្រគល់ថវិកា ២០០០ដុល្លារ សម្រាប់ការកសាងសាលាបឋមសិក្សាខ្ទឹង ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមថវិកាមួយចំនួន ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ដល់គ្រួសារមានជំងឺចំនួន ២គ្រួសារ ឧបត្ថម្ភថវិកាមួយចំនួន ដល់កងវិស្វកម្មស្ថាបនាផ្លូវ និងគ្រឿងឧបភោគ បរិភោគ និងភេសជ្ជះផ្សេងៗទៀត ដែលជាអំណោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៕