ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​  ប៉ាន សូរស័ក្ដិ ជួបនិង​​ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩

លោក​​  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួល​ពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារ ដើម្បីពិភាក្សាលើសំណើរបស់វិស័យឯកជន ដើម្បីលើកជាយោបល់ជូនថ្នាក់ដឹកនាំនៅក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះ ភាគីវិស័យឯកជន គឺដឹកនាំដោយឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាសហប្រធានក្រុមការងារ។

លោក​​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ​ចំពោះកិច្ចប្រជុំកន្លងមក ដែលជាយន្តការដ៏ល្អប្រសើរមួយដែលបាននិងកំពុងទទួលនូវការកោតសរសើរពីវិស័យឯកជន អ្នកវិនិយោគិន និងមហាជនទាំងក្នុង និងក្រៅប្រទេស។ ក្រុមការងារក៏បានជួបប្រជុំជាបន្តបន្ទាប់ ដោយបានពិភាក្សា និងរកដំណោះស្រាយនូវបណ្តាបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយវិស័យឯកជន រហូតទទួលបាននូវលទ្ធផលល្អប្រសើរ។

កិច្ចប្រជុំនាថ្ងៃនេះបានពិភាក្សាយ៉ាងសស្រាក់សស្រាំលើប្រធានបទជាច្រើន រួមមានកិច្ចសម្រួលពាណិជ្ជកម្ម ការចេញវិញ្ញា​បនបត្រដើមកំណើតទំនិញ សេវាកម្មនៅកំពង់ផែ និងការដឹកជញ្ជូនទំនិញ ការធ្វើអធិការកិច្ចលើផលិតផលក្រណាត់ពណ៌ត្រីអ៊ី និងថ្លៃអគ្គិសនីសម្រាប់សហគ្រាស និងរោងចក្រ។

ជាលទ្ធផល អង្គប្រជុំបានវាយតំលៃខ្ពស់ចំពោះកិច្ចពិភាក្សាដ៏មានតំលៃនេះ ដែលបានធ្វើការផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកនូវដំណោះស្រាយសមស្រប និងមានភាពយោគយល់ខ្ពស់។ ជាជំហានបន្ទាប់ ក្រសួងពាណិជ្ជកម្មនឹងធ្វើរបាយការណ៍ និងលើកសំណើមួយចំនួនទៅក្រុមការងារពាក់ព័ន្ធដទៃទៀត ដើម្បីពិនិត្យ និងរកដំណោះស្រាយ។ ចំពោះសំណើដែលក្រសួងពាណិជ្ជកម្មអាចដោះស្រាយបាន ក្រសួងនឹងពិនិត្យ និងដោះស្រាយជូនវិស័យឯកជន តាមការសមស្រប។