ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កង​កម្លាំង​ចម្រុះជួយអន្តរាគមន៍អគ្គីភ័យឆេះ​ ផ្សារ​បឹង​កុក​ទាំងយប់

កំពង់ចាម​៖ លោក អ៊ុន​ ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ ខេត្តកំពង់ចាម​ ​ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ ជួបគ្រោះអាសន្នទាំងយប់ ។ នេះយោងតាមផ្សព្វផ្សាយហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម ។

កាលពីវេលាម៉ោង១១​ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០២០ មានករណីអគ្គិភ័យឆាបឆេះផ្សារ​បឹង​កុក​ ស្ថិត​នៅ​ក្នុង​​ភូមិទី៧ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។

ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម​ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​ សរុប​ចំនួន​១៧គ្រឿង​ ប្រើទឹកអស់ ចំនួន​៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត ។

កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គីភ័យ​ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។

​ប្រតិបត្តិការ​នេះចំណាយ​ពេលវេលា​ជាង០២ម៉ោង​ ហើយ​គ្រប់គ្រង​សភាពការណ៍​បានទាំងស្រុង​ នៅវេលាម៉ោង ០១និង​៣៥នាទី ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែមិនា​នេះ​ ដោយ​មានការ​អន្តរាគមន៍​ និង​រថយន្ត​ចំនួន​០៤​ ពី​ស្នងការរដ្ឋាននគរបាល​ខេត្ត​ត្បូងឃ្មុំ​ ផង​ដែរ​។

លោកអភិបាលខេត្ត​ខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះ​ដេីម​ហេតុ​ដែល​អាច​បង្ក​ជា​គ្រោះ​អគ្គីភ័យ​ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះ​ប្រព័ន្ធ​បច្ចេកទេស​បណ្តាញ​ខ្សែ​អគ្គិសនី​ផង​ដែរ​ ។

បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួតទៀតផង​ ដូច្នេះបងប្អូនត្រូវមានការត្រៀមបង្ការទប់ស្កាត់ ដើម្បីបញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើនេះ។ បើមានដូចករណីនេះកើតឡើង សូមបងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមក។

សូមបញ្ជាក់ថា ករណី​គ្រោះអគ្គីភ័យ​នេះ​ ទំហំនៃការខូចខាត និង ដើមហេតុ សមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕