ការិយាល័យថវិកាសភារបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
ប្រភពដដែលបានបន្តថា ការប៉ាន់ប្រមាណនេះគឺផ្អែកទៅលើទិន្នន័យចុងក្រោយដែលបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤.៨%កាលពីត្រីមាសទី០១ឆ្នាំនេះ គឺនៅចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ២០២០នេះ ។
ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ៨.៦%ផងដែរ ខណៈដែលការនាំចេញបានធ្លាក់ចុះ៨.៧% ហើយផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅត្រីមាសទី០២នេះ អាចនឹងធ្លាក់ចុះរហូតដល់៤០% ដែលជាការធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧កន្លងមក ៕