ទីភ្នាក់ងារព័ត៌មាន Yonhap News Agency បានចុះផ្សាយថា កងកម្លាំងយោធារបស់ប្រទេសកូរ៉េខាង ជើង និងខាងត្បូង បានឈរជើងយ៉ាងប្រុងប្រយ័ត្ននៅតំបន់ព្រំដែន និងជាតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ក្រោយពីកូរ៉េបងប្អូនទាំងពីរនវ បានបាញ់តគ្នាមួយប្រាវ កាលពីថ្ងៃអាទិត្យ ទី០៣ ខែឧសភានេះ ។
ប្រភពដដែលបានបន្តថា កងទ័ពកូរ៉េខាងជើង បានបាញ់កាំភ្លើងដៃសំដៅលើប៉ុស្តយាមរបស់កូរ៉េខាងត្បូងនៅតំបន់ព្រំដែនគ្មានយោធា បណ្តាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកងកូរ៉េខាងជើង មិនបានផ្តល់ហេតុផលអ្វីនោះទេ ។
សូមបញ្ជាក់ជូនថា ការបាញ់កាំភ្លើងដៃតគ្នាមួយប្រាវរវាងកងទ័ពកូរ៉េខាងទាំងពីរ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈកាលពីថ្ងៃសុក្រ ទី០១ ខែឧសភាដដែលនេះ ដោយលុបបំបាត់ពាក្យចចាមអារ៉ាម ជុំវិញស្ថានភាពសុខភាពរបស់មេដឹកនាំកំពូលរូបនេះ ៕