(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រី នគរបាលចរាចរណ៍ហៅ ឬឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងពីបញ្ជាបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរង ស្នងការរាជធានី-ខេត្ត, ស្នងការរងទទួលការងារចរាចរណ៍។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «ករណីនេះត្រូវបានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ យ៉ាងច្បាស់ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង គឺយានយន្ដទាំងអស់ ដែលត្រូវត្រួតពិនិត្យ គឺជាយានយន្ដ ដែលប្រព្រឹត្តល្មើស ហើយយើងមិនអនុញ្ញាតឲ្យឃាត់ដាច់ខាត ប្រសិនបើមិនរកឃើញមានបទល្មើសជាក់ស្ដែងណាមួយ»។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា ប្រសិនបើនៅពេលមានអំពើល្មើសណាមួយ ហើយត្រូវសមត្ថកិច្ចឃាត់នោះ គឺសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យឯកសារផ្សេងៗ ដែលច្បាប់តម្រូវឲ្យមាន។ ប្រសិនបើអ្នកបើកបរខ្វះកន្លែងណាមួយ ដែលកំណត់ឲ្យផាកពិន័យ នោះមន្ដ្រីនគរបាលចរាចរណ៍ នឹងបូកអំពើល្មើសចូលគ្នា ហើយពិន័យទាំងអស់តែម្ដង។
បើតាមនាយឧត្តមសេនីយ៍ ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅចំនួនប្រាំបីចំណុច ដែលជាទិសដៅសម្រាប់ការអនុវត្តបន្ដ រួមមានទាំងការងារដឹកនាំបញ្ជា, វិធានការល្បាត និងវិធានការត្រួតពិនិត្យជាក់ស្ដែង ទាំងពេលថ្ងៃ ពេលយប់ ដែលការងារនេះ ត្រូវធ្វើយ៉ាងម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានអះអាងទៀតថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនេះ គឺត្រូវតែបង្កើនឲ្យខ្លាំងក្លាថែមទៀត រហូតទាល់តែសម្រេចឲ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឲ្យមានការគោរពច្បាប់កាន់តែផុលផុស ហើយធានារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស៕