(ភ្នំពេញ)៖ លោក លន់យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានចូលរួម កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ក្នុងនោះ លោក សុខ សុភ័ក្ត្រ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានចូលរួមដែររួមនិងមន្ត្រីកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ។
គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។
ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់ការនាំចេញដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។
របាយការណ៍នៃលទ្ធផលសិក្សានេះ នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោ បាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជានិងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស។
អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករកម្ពុជា រួមមាន៖ អគ្គិសនី ដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែថ្លៃចំណាយនៅកំពង់ផែ ចំណាយលើការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់ព័ន្ធផ្សេងៗទៀត។ ភាគីពាក់ព័ន្ធបានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងផ្នែកឯកជនបន្តសហការនិងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ។លើសពីនេះបានណែនាំអោយមន្ត្រីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជួយដល់វិស័យស្រូវអង្ករនេះ ដែលជាវិស័យអតិភាពមួយជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។