ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រាប់មីនតោនមួយគ្រាប់ផ្ទុះសម្លាប់អ្នកភ្ជួរដីចម្ការម្នាក់ ក្នុងតំបន់អតីតខ្មែរក្រហមអន្លង់វែង ខេត្តឧត្តរមានជ័យ ចំណែកត្រាក់ទ័របែកជាបំណែកៗ

ឧត្តរមានជ័យ៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ​​​ឆ្នាំ២០២០ អ្នកបើកត្រាក់ទ័រម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកត្រាក់ទ័រវិញ បានបែកជាបំណែកៗ នៅពេលកំពុងតែភ្ជួរដីចម្ការមួយកន្លែង ហើយប៉ះចំគ្រាប់មីនតោនមួយគ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាមខ្មែរក្រហម នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ។

ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្បែរតំបន់ព្រៃស្អាក ខាងលិចផ្លូវជាតិលេខ៦៧B ចម្ចាយប្រហែល៤០០ម៉ែត្រ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាតំបន់ចុងក្រោយរបស់ខ្មែរក្រហម។

មន្ត្រីនគរបាលក្នុងមូលដ្ឋាន បានបញ្ជាក់ថា បុរសជាអ្នកបើកបរត្រាក់ទ័រឈ្មោះ យ៉ាង ចាន់ថុល អាយុ៣៤ឆ្នាំ ជាអ្នករស់នៅក្នុងភូមិ-ឃុំកើតហេតុការណ៍ខាងលើ ក្នុងនោះត្រាក់ទ័រមួយគ្រឿង ក៏បានរងខូចខាតទាំងស្រុង។

អ្នករស់នៅក្នុងតំបន់នេះ បានរំឭកថា នៅទីតាំងកើតហេតុខាងលើនេះ ជនរងគ្រោះធ្លាប់បានភ្ជួរដីដាំដំណាំស្វាយចន្ទីរអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែពុំមានគ្រោះថ្នាក់ ឬប្រទះឃើញមានគ្រាប់មីនអ្វីនោះឡើយ។ ហើយទើបតែនៅថ្ងៃកើតហេតុ ជនរងគ្រោះក៏បានបើកត្រាក់ទ័រទៅភ្ជួរដីនៅតាមចន្លោះដើមស្វាយចន្ទី ក្នុងចម្ការដូចបណ្តាឆ្នាំមុនៗ ប៉ុន្តែដោយមានភ្លៀងធ្លាក់ជោគជាំដីសើម ស្រាប់តែប៉ះចំគ្រាប់មីនតោនបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗតែម្តង ហើយត្រាក់ទ័រក៏រងការខូចខាត ដោយប៉ើងខ្ទាតជាច្រើនបំណែក៕