ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។
រដ្ឋមន្ត្រីក្រសួងធនធានមនុស្សប្រទេសម៉ាទ្បេស៊ី ក្នុងអាណត្តិជាប្រធានបានដឹកនំាកិច្ចប្រជុំនេះ ព្រមជាមួយគ្នានោះដែរ នៅក្នុងវគ្គនៃកិច្ចប្រជុំបើកចំហរ ក៏មានការចូលរួមពីលោក Guy Ryder អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) បានចូលរួម ភាពជាដៃគូជាមួយអាស៊ានដើម្បីរួមគ្នាក្នុងការទប់ស្កាត់ នៃការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានចែករំលែកព័ត៌មានអំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគំាទ្រដល់កម្មករនិយោជិត និយោជក និងជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
រដ្ឋមន្រ្តីការងារអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” ដែលមាន៩ចំណុច ក្នុងនោះផ្តោតសំខាន់ទៅលើការផ្តល់កិច្ចគំាទ្រដល់ជីវភាព និងសុខភាពរបស់កម្មករនិយោជិត ពលករទេសន្តរប្រវេសន៍ និងអ្នកធ្វើការក្នុងវិស័យដែលរងហានិភ័យខ្ពស់។
ការធានាថាកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ ឬព្យួរកិច្ចសន្យាការងារទទួលបានការផ្តល់អត្ថប្រយោជន៍សមស្របតាមច្បាប់ លិខិតបទដ្ឋាន និងលទ្ធភាពនៃប្រទេសជាសមាជិក។ ការផ្តល់សេវាថែទំាសុខភាពដល់កម្មករនិយោជិតដែលឆ្លងជំងឺកូវីដ-១៩។
ការពង្រឹងបន្ថែមប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយទីផ្សារការងារ បទដ្ឋានសុវត្ថិភាពនិងសុខភាពការងារ និងប្រព័ន្ធគំាពារសង្គម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាមធ្យោបាយក្នុងការទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំទ្បុងពេលមានការរឹតត្បិតជាបណ្តោះអាសន្ន។
កិច្ចប្រជុំពិសេសនេះគឺជាការបង្ហាញពីភាពរឹងមំានៃស្មារតីសាមគ្គីភាពអាស៊ាន ដូចដែលមានចែងក្នុងបាវចនាអាស៊ាន «សហគមន៍តែមួយ វាសនាតែមួយ» ក្នុងការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះផលប៉ះពាល់នៃជំងឺកូវីដ-១៩៕