ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើននៃប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលរបស់ខ្លួន បានកើនឡើងដល់ជាង៣៦លាន៥សែននាក់ហើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ ខណៈដែលប្រជាពលរដ្ឋទាំងនោះ បានបាត់បង់ការងារធ្វើ ស្របពេលដែលមានការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទសេដ្ឋកិច្ចអស់រយៈពេលជាង៦សប្តាហ៍ ដែលរុញច្រានកំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅក្នុងប្រទេសនេះ ឲ្យកើនឡើងដល់ជិត៣៧លាននាក់ ហើយអ្នកអត់ការងារធ្វើទាំងនោះ មិនមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយប្រចាំថ្ងៃ ។
សូមបញ្ជាក់ថា នេះគឺជាមូលហេតុសំខាន់ ដែលនាំឲ្យអភិបាលរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានបង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយវិធានការបិទប្រទេស ទោះបីជាការឆ្លងរាលដាលវីរុសខូវីដ ១៩ នៅក្នុងប្រទេសមហាអំណាចមួយនេះ នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ក៏ដោយ ៕