ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

(ភ្នំពេញ)៖ កាលរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងបង្រ្កាបការក្លែងបន្លំ នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានពិនិត្យកសិផល ដែលបោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកឹងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។

ការពិនិត្យរកសារធាតុហាមឃាត់នៅក្នុងកសិផលនេះ ដោយប្រើរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ហើយបានឆ្មក់យកសំណាកគំរូ តាមទីតាំងបោះដុំនូវទំនិញប្រភេទបន្លែ និងផ្លែឈើ ដាក់តាំងលក់នៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយមានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋានខណ្ឌទួលគោក ខណ្ឌបឹងកេងកង គណៈកម្មការផ្សារនាគមាស និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីធានាបាននូវទំនិញជាបន្លែ និងផ្លែឈើទាំងនេះ មានភាពអនុលោមផ្នែកម្ហូបអាហារ ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពអ្នកទទួលទាន។

ក្នុងប្រតិបត្តិការនេះ ទំនិញជាបន្លែ និងផ្លែ ចំនួន៧៧គំរូ ដែលមានប្រភពផ្សេងៗគ្នា ដូចជាផលិតក្នុងស្រុក ផលិតផលនាំចូលពីប្រទេសចិន និវៀតណាមជាដើម ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យ និងយកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដែលជាលទ្ធផល គឺកសិផលទាំង៧៧គំរូនេះ សុទ្ធតែមានភាពអនុលោមផ្នែកម្ហូបអាហារ។ 

ទន្ទឹមនឹងនេះដែរ មន្ត្រីនៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករ ទិញ លក់ ទំនិញជាបន្លែ និងផ្លែឈើទាំងអស់ ត្រូវមានវិក្កយបត្រទិញ លក់ និងត្រូវដឹងពីប្រភពនាំចូលច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើង បង្កលក្ខណៈងាយស្រួល ដល់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. អាចកំណត់អត្តសញ្ញាណប្រភពនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕