(ភ្នំពេញ)៖ សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធសំណុំរឿងលួចដីអ្នកដទៃលក់ នៅខេត្តកំពង់ស្ពឺ កំពុងតែមានក្រុមអ្នកជួយសង្គ្រោះ ឲ្យរួចផុតពីការឃុំខ្លួន ដើម្បីមានឱកាសដើរលួចដីគេលក់ចិញ្ចឹមជីវិតបន្តទៀត។
ជនសង្ស័យលួចដីគេលក់នេះ ឈ្មោះ ពូន ឆាន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលការិយាល័យកងអន្តរាគមន៍ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញចាត់ការតាមច្បាប់។
រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យខាងលើនេះនៅឡើយ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ក្រុមអ្នកជួយសម្របសម្រួលក្រៅច្បាប់ កំពុងរត់ខ្វាត់ខ្វែង ដើម្បីជួយឲ្យជនសង្ស័យ បាននៅក្រៅគុកជាបណ្តោះអាសន្ន។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹង ជីងឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ និងឈ្មោះ ឆាយ មុយហ្វុង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីអំឡុង ខែមីនា ឆ្នាំ២០០៨ ខ្លួនបានទិញដីចំការ ទំហំ១៧,៥៥០ ម៉ែត្រក្រឡា មានទីតាំងភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីម្ចាស់ឈ្មោះ លី គីមសុង ភេទប្រុស និងមានប្រពន្ធឈ្មោះ ស៊ូ ខេង ដោយមានឈ្មោះ ពូន ឆាន ជាអ្នកគក់ជេ (អ្នកនាំទៅទិញ)។ ប៉ុន្តែ លុះដល់ឆ្នាំ២០១៨ នៅពេលខ្លួនទៅមើលដី ស្រាប់តែមានគេធ្វើរបងព័ទ្ធយកដីរបស់ខ្លួន ដោយអះអាងថា បានទិញពីឈ្មោះ ពូន ឆាន។
ក្រោយការស្រាវជ្រាវ សួរអ្នកទិញ និងអាជ្ញាធរមូលដ្ឋាន ទើបដឹងថា ឈ្មោះ ពូន ឆាន ដែលធ្លាប់ជាអ្នកគក់ជេដីខាងលើ បានក្លែងបន្លំឯកសារលួចលក់ដីនោះឲ្យទៅអ្នកផ្សេង និងបានរត់គេចខ្លួន ទើបដើមបណ្តឹងសម្រេចដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីយកទៅឲ្យតុលាការដាក់គុកតែម្តង៕