ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ូលិសអាមេរិកស្បែកសទាំងបួននាក់ ត្រូវតុលាការចោទប្រកាន់រឹតតែធ្ងន់ ពាក់ព័ន្ធការស្លាប់បុរសស្បែកខ្មៅ

អាមេរិក៖ កាលពីម្សិលមិញ អគ្គរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា (មីនីសូតា) បានសម្រេចចោទប្រកាន់បទព្រហ្មទណ្ឌតាមមាត្រាថ្មីបន្ថែមទៀត លើមន្រ្តីប៉ូលីសទាំងបួននាក់ នៅក្រុងមីនីអាប៉ូលីស (Mineapolis) ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលត្រូវបូលិសលុតជង្គង់សង្កត់កនៅតាមផ្លូវ ក្នុងពេលចាប់ខ្លួន រហូតបង្កឲ្យមាផ្ទុះការតវ៉ា នៅទូទាំងសហរដ្ឋអាមេរិក អស់រយៈពេល១០ថ្ងៃជាប់ៗគ្នា។

យោងតាមការផ្សាយពីទូរទស្សន៍ ស៊ីអិនអិន (CNN) របស់អាមេរិក បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា តុលាការប្រចាំរដ្ឋមីនីសូតា បានចោទប្រកាន់បន្ថែមលើមន្ត្រីប៉ូលិសទាំងបួននាក់ ដែលត្រូវបានបណ្តេញចេញពីការងារភ្លាមៗ មានឈ្មោះ ដេរ៉េក ឆូវីន (Derek Chauvin) ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រពីបទឃាតកម្ម និងមនុស្សឃាត កម្រិតទី៣ ចំពោះការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ផ្លយ (George Floyd) អាយុ៤៦ឆ្នាំ ដោយប្តូបទចោទប្រកាន់ថ្មី គឺបទមនុស្សឃាតកម្រិតទី២វិញ។

តាមច្បាប់សហរដ្ឋអាមេរិក បទចោទប្រកាន់ថ្មី កម្រិតទី២ អាចផ្តន្ទាទោសជនល្មើសឲ្យជាប់ពន្ធនាគាររហូតដល់៤០ឆ្នាំ គឺមានរយៈពេល១៥ឆ្នាំ យូរជាងទោសអតិបរមានៃបទចោទប្រកាន់ មនុស្សឃាតកម្រិតទី៣។

ឈ្មោះ ដេរ៉េក ឆូវីន អាយុ៤៤ឆ្នាំ គឺជាមន្រ្តីប៉ូលិសស្បែកស ត្រូវបានថតជាប់នៅក្នុងឃ្លីបវីដេអូ ដែលត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ ដើម្បីបង្ហាញពីប៉ូលិសរូបនេះ កំពុងតែលុតជង្គង់សង្កត់កញ្ចឹងកលោក ចច ផ្លយ អស់រយៈពេលជិតប្រាំបួននាទី រហូតជនរងគ្រោះប្រឹងត្រដរខ្យល់ ហើយស្រែកថ្ងូរម្តងហើយម្តងទៀតថា «ខ្ញុំមិនអាចដកដង្ហើមបានទេ (I Can’t Beathe)» មុននឹងរាងកាយបុរសរងគ្រោះរូបនេះ នៅស្តូកស្តឹងក្រោមទម្ងន់ជង្គង់ប៉ូលិស រហូតធ្វើឲ្យអ្នកឈរមើល ស្រែកទៅកាន់ប៉ូលីសទាំងនេះថា «ឲ្យគាត់ក្រោកឡើងសិនទៅ!»។

លោក ចច ផ្លយ ដែលត្រូវប៉ូលីសសង្ស័យថា បានព្យាយាមចាយក្រដាសប្រាក់២០ដុល្លារក្លែងក្លាយ ដើម្បីបង់ថ្លៃទិញបារី ត្រូវគេប្រកាសថា បានស្លាប់ភ្លាមៗនៅឯមន្ទីរពេទ្យ  បន្ទាប់ពីការធ្វើបាបពីសំណាក់ប៉ូលិសមួយក្រុម មានគ្នាបួននាក់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ពាក់ព័ន្ធនឹងអំពើឃោរឃៅនេះ មន្រ្តីប៉ូលិសបីនាក់ផ្សេងទៀត ដែលធ្វើការជាមួយជនជាប់ចោទ ឈ្មោះ ដេរ៉េន ឆូវីន ត្រូវបានបណ្តេញចេញពីការងារ ហើយនៅថ្ងៃបន្ទាប់ ត្រូវតុលាការផ្តើមការចោទប្រកាន់ ពីបទរួមគំនិតក្នុងអំពើមនុស្សឃាតកម្រិតទី២។

ប៉ូលិសជាប់ចោទទាំងបីនាក់នេះ គឺមានឈ្មោះ ថូម៉ាស ឡេន (Thomas Lane) អាឡិចសាន់ គឺង (Alexander Kueng) និងឈ្មោះ ទូ ថៅ (Tou Thao) ក៏ត្រូវតុលាការចេញដីកាបង្គាប់ឲ្យដាក់គុកភ្លាមៗផងដែរ ដើម្បីរងចាំការស៊ើបអង្កេតបន្ថែម។

មរណភាពរបស់លោក ចច ផ្លយ បានក្លាយជាចំណុចក្តៅគគុក ឈានទៅផ្ទុះកំហឹងមហាជនជាបន្តបន្ទាប់ ដោយសារទង្វើសាហាវឃោរឃៅរបស់ប៉ូលីសស្បែកស មកលើជនជាតិអាមេរិកាំង ដើមកំណើតអាហ្វ្រិក ហើយកំពុងតែជំរុញឲ្យមានការចោទប្រកាន់យ៉ាងខ្លាំង អំពីការរើសអើងជាតិសាសន៍ នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក។

ទង្វើសាហាវឃោរឃៅរបស់ប៉លិសស្បែកស មកលើជនជាតិស្បែកខ្មៅ ក្នុងទឹកដីអាមេរិកនេះ ក៏បានក្លាយជាប្រធាទបទសម្រាប់ការឃោសនានយោបាយ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី របស់សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២០នេះផងដែរ។

រូបភាពបាតុកម្មមកពីមនុស្សចម្រុះជាតិសាសន៍ បានដង្ហែក្បួនតវ៉ាពាសពេញដងផ្លូវ ដែលភាគច្រើនប្រកបដោយសន្តិវិធី ប៉ុន្តែមានពេលខ្លះ បានក្លាយជាសកម្មភាពដុតបំផ្លាញ អំពើលួចប្លន់ និងការប៉ះទង្គិចគ្នាជាមួយប៉ូលីស រហូតនាំមានការគិតថា នេះជាមានវិបត្តិធ្ងន់ធ្ងរ ប៉ុន្តែក៏អាចជាក្តីសង្ឃឹមថា នឹងនាំមកនូវមានការផ្លាស់ប្តូរ នៅក្នុងទឹកដីអាមេរិកផងដែរ។

សូមរំឭកថា សកម្មភាពសាធារណៈរបស់មហាជននេះ បានកើតឡើងបន្ទាប់ពីការបិទទ្វារឲ្យនៅតែក្នុងោផ្ទះ អស់រយៈពេលជាច្រើនសប្តាហ៍ ដោយសារមេរោគកូរ៉ូណាឆ្លងរាតត្បាត ដែលបានបង្ខំប្រជាជនអាមេរិករាប់លាននាក់ អត់ការងារធ្វើ និងប៉ះពាល់ដល់ជីវភាពជនជាតិភាគតិច។

លោក បេនចាមីន ក្រាំ (Benjamin Crump) មេធាវីតំណាងគ្រួសារលោក ចច ផ្លយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកយុត្តិធម៌ជូនជនរងគ្រោះ ហើយយើងមានសេចក្តីរីករាយ ដែលជំហានដ៏សំខាន់នេះ ត្រូវបានធ្វើឡើងមុនពេលសពរបស់លោក ចច ផ្លយ ត្រូវបានបញ្ចុះ»។

ក្រោយមកលោក បេនចាមីន ក្រាំ បានប្រាប់ទូរទស្សន៍ ស៊ីអិនអិន បន្ថែមទៀតថា ជនល្មើសឈ្មោះ ដេរ៉េន ឆូវីន គួរតែប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ខណៈការស៊ើបអង្កេតកំពុងតែបន្ត ដែលបទចោទប្រកាន់ផ្សេងទៀត អាចបន្ថែម នៅពេលរកឃើញភស្តុតាងថ្មី។

ក្រុមអ្នកតវ៉ា ដែលបានបញ្ចេញកំហឹងចំពោះមរណភាពរបស់លោក ចច ផ្លយ បានប្រមូលផ្តុំ និងនាំក្នាដើរក្បួន នៅតាមបណ្តាទីក្រុងធំៗ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដោយទាមទារឲ្យពង្រីកការស៊ើបអង្កេតលើករណីដ៏ឃោរឃៅនេះ ដើម្បីរកកំហុសរបស់ទាំងមន្ត្រីប៉ូលិសទាំងអស់ ដែលមានវត្តមាននៅក្នុងហេតុការណ៍សង្កត់កជនរងគ្រោះរហូតដល់ស្លាប់នេះ។

ចំណែកលោក អាមី ក្លូប៊ូឆា (Amy Klobouchar) សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋមីនីសូតា បានមានប្រសាសន៍ថា «នេះ គឺជាជំហានដ៏សំខាន់មួយទៀត សម្រាប់ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ»។

សូមបញ្ជាក់ផងដែរថា លោក អាមី ក្លូបូឆា អាចជាគូប្រជែងដ៏មានសក្តានុពលសម្រាប់បេក្ខភាពប្រធានាធិបតី ជាមួយលោក ចូ បៃដិន (Joe Biden) នៅក្នុងជួរគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។

មនុស្សរាប់ម៉ឺននាក់ បានចេញមុខប្រឆាំងនឹងបម្រាមគោចរ និងមិនអនុវត្តតាមការហាមប្រាមមិនឲ្យធ្វើដំណើរ ដោយនាំគ្នាដើរតាមដងផ្លូវនានា និងប្រមូលផ្តុំតាមបណ្តាឆ្នេរសមុទ្រ អស់រយៈពេលប្រាំបីយប់ជាប់ៗគ្នា ដើម្បីតវ៉ាប្រឆាំងនឹងការស្លាប់របស់លោក ចច ផ្លយ និងតវ៉ាចំពោះទង្វើសាហាវឃោរឃៅរបស់ប៉ូលិសស្បែកស មកលើជនជាតិអាមេរិកស្បែកខ្មៅ។

ចំណែកអាជ្ញាធរវិញ បានចាត់វិធានការយ៉ាងតឹងរឹង ដោយចេញបម្រាមគោចរ និងបញ្ជាឲ្យប៉ូលិសបង្ក្រាបកុប្បកម្ម ប្រដាប់ដោយអាវុធគ្រប់ដៃ ចេញដើរល្បាតតាមដងផ្លូវ និងស្រែកដាក់ក្រុមអ្នកតវ៉ា ខណៈឧទ្ធម្ភាគចក្រហោះសំកាំងពីលើ។

ការធ្វើបាតុកម្មភាគច្រើន គឺចាប់ផ្តើមធ្វើឡើងដោយសន្តិវិធី និងមានសកម្មភាពលួចប្លន់ ឬវាយបំផ្លាញតិចតួច ប៉ុន្តែក្រោយមកការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមអ្នកតវ៉ា បានឈានទៅរកភាពធ្ងនធ្ងរកាន់តែខ្លាំងឡើងៗ។

ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍អះអាងថា «យុត្តិធម៌ត្រូវតែមានក្នុងករណីស្លាបរបស់លោក ចន ផ្លយ»។ ប៉ុន្តែ លោកបានបញ្ជាក់បន្ថែមយ៉ាងម៉ឺងម៉ាត់ចំបោះការតវ៉ាដោយហិង្សាថា លោកនឹងប្រើកម្លាំងយោធា ដើម្បីបញ្ចប់ភាពវឹកវរនៅក្នុងប្រទេស។

ចំណែកលោក ចូ បៃដិន បានប្តេជ្ញាថា លោកនឹងព្យាបាលជំងឺបែកបាក់ពូជសាសន៍នៅក្នុងប្រទេស ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងការបោះឆ្នោត នាថ្ងៃទី០៣​​​ ខែវិច្ឆិកា នៃចុងឆ្នាំ២០២០នេះ៕