ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងវិញ នៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ សំណង់អគារមានទំហំជាង៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់ជិតរួចរាល់ទាំងស្រុងហើយ គឺបានប្រមាណ៩៥ភាគរ។
មុននឹងអញ្ជើញទៅពិនិត្យការដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុក មុននេះបន្តិចថា៖
អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ ដែលខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
អគារដ៏ធំស្កឹមស្កៃនេះ បានបង្ហាញឲ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕