ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់ក្រុមហ៊ុនព្រីនម៉ាណ័ររីសត បង្កើតគម្រោងនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់មជ្ឈមណ្ឌលព្រីន ម៉ាណ័ររីសត (Prince Manor Resort) លើគម្រោងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរថែមទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក សុី ជឺស៊ីង (Xu Zhixing: 许之行) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

លោក សុី ជឺស៊ីង បានលើកឡើងថា នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ Prince Real Estate Group ចង់បើកសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតជាផ្លូវការ នឹងសុំការណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមុន។

លោកបានបន្តថា នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងនាវាទេសចរណ៍នេះ នៅឆ្នាំ២០២០-២០២៣ ដោយចង់ឱ្យមានកំពង់ផែទេសចរណ៍ស្ដង់ដាមួយនៅមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតតែម្ដង។

លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យ Prince Real Estate Group សម្លឹងលើការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងនោះក៏មានគម្រោងផែនការកសាងទីក្រុងសៀមរាបថ្មី គម្រោងទេសចរណ៍នៅខេត្តកំពង់ធំ ពិសេសជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។

លោករដ្ឋមន្ត្រីក្រសួងទេដចរណ៍ បានឱ្យដឹងទៀតថា សក្ដានុពលធំនៅទន្លេមេគង្គមានវិស័យកសិកម្ម និងវិស័យទេសចរណ៍ ប៉ុន្តែកម្ពុជាមិនទាន់បានទាញសក្ដានុពលពីទន្លេមេគង្គបានច្រើននៅឡើយទេ ដូច្នេះទើបក្រសួងទេសចរណ៍បានខិតខំជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅតាមដងទន្លេ៕