ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះ ចូលរួមពីសំណាក់ថ្នាក់ទឹកនាំក្រសួង លោកឧកញ៉ា លោកអគ្គនាយកធនាគារ AGRI BANK តំណាងក្រុមហ៊ុន ដែលធ្វើអាជីវកម្មស្រូវ-អង្ករវៀតណាម មន្ត្រីស្ថានទូត និងមន្ត្រីជំនាញក្រោមឱវាទមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានស្នើរវៀតណាម ទិញស្រូវអង្ករពីកម្ពុជា តាមតម្លៃទីផ្សារនៅវៀតណាម។
ក្រសួងកសិកម្ម បានប្រកាសថា គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺទី១-ធ្វើការពិនិត្យ និងវាយតម្លៃជារួមលើស្ថានភាពតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន និងទី២-រួមគ្នាដោះស្រាយ និងដាក់ចេញនូវយន្តការនៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជា ឱ្យបានសមស្របទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។
ក្រសួងកសិកម្ម បន្តថា បន្ទាប់ពីភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ រួចមក កិច្ចប្រជុំបានដាក់ចេញនូវយន្តការដោះស្រាយនូវបញ្ហាតម្លៃស្រូវ ក្នុងរយៈពេលខ្លី មធ្យម និងវែង ដូចខាងក្រោម៖
១- ភាគីវៀតណាម នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិតជូននាយករដ្ឋមន្ត្រីវៀតណាម ដើម្បីជំរុញឱ្យពាណិជ្ជករវៀតណាម ជួយប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។
២-ធនាគារ AGRI BANK នឹងពិនិត្យលទ្ធភាព និងធ្វើការសម្រួលបែបបទផ្សេងៗ ដើម្បីផ្តល់កម្ចីឥណទានដល់ពាណិជ្ជករវៀតណាម សម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ ព្រមទាំងគាំទ្រដល់ការផ្តល់ឥណទានដល់ពាណិជ្ជករកម្ពុជា ដែលខ្វះទុនក្នុងការប្រមូលទិញកសិផល។
៣- ភាគីទាំងពីរ នឹងបន្តពង្រឹង និងពង្រីកការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាពនៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។
៤- ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងសហការគ្នាដោះស្រាយបញ្ហាប្រឈម ដែលមានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
៥-ទូរទស្សន៍វៀតណាម នឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃប្រជុំនេះ ជូនដល់ពាណិជ្ជករវៀតណាម ឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យ។
៦-ភាគីវៀតណាម បានបញ្ជាក់ជូនថា នឹងជំរុញឱ្យមានការចុះអនុស្សរណនៃការយោគយល់គ្នា ស្តីពី ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករ ដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕