ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថវិកាចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លាត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ

ភ្នំពេញ ៖ លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយ​កថវិកាចំនួន ៣៨,៥០១,០០០រៀល និង៣៥០ដុល្លា ប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ។

ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងកម្មវិធីសំណេះ​សំណាលការងាររវាង លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោក​​ ប៉ាវ ហេងដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួនទៀត។

លោករដ្ឋលេខាធិការ បានឱ្យដឹងថា ថវិកាដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ គឺមានចំនួន ៣៨,៥០១,០០០រៀល និង​៣៥០​ដុល្លា ដែលបានពីការចូលរួមដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម។

លោករដ្ឋលេខាធិការបានលើកឡើងថា នេះជាលើកទី១៥ហើយដែលក្រសួងពាណិជ្ជកម្មបាននាំយកថវិការបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការបរិច្ចាគដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរស ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកគ្នា ក្នុងគ្រាក្រគ្រាលំបាកផងដែរ។

ចំណែក លោកស្រី ​ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដែលសរបញ្ជាក់អោយឃើញពីទឹកចិត្តដ៏សប្បុរសធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រី​​អគ្គលេខាធិការបានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជាដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងប្រើប្រាស់នូវថវិកានេះឱ្យចំគោលដៅ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

លោកស្រី​​អគ្គលេខាធិការក៏បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិ​ជ្ជកម្ម សូមឱ្យជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩ ៕