នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមសន្និសីទសារព័ត៌មាន ស្តីពី “វិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩” តបតាមការស្នើអញ្ជើញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើង ដើម្បីជាការផ្សព្វផ្សាយ ពន្យល់បន្ថែម និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលើវិធានការដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកន្លងមក ជូនដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ អំពីការដាក់ចេញរបស់រាជរដ្ឋាភិបាល ក្នុងរយៈកាលកន្លងមកនូវវិធានសំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត វិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩។
នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក វង្សី វិស្សុត បានលើកឡើងអំពីវិស័យកសិកម្មកម្ពុជា ដែលមិនបានរងការប៉ះពាល់ពីកូវីដ១៩ ហើយថែមទាំងផ្តល់នូវសក្តានុពលជួយទៅដល់សេដ្ឋកិច្ចជាតិមួយកម្រិតទៀតផងដែរ ជាក់ស្តែង វិស័យកសិកម្មមានចំណែក ២៥% នៃកំណើនផលទុនជាតិសរុប (GDP) ហើយគ្របដណ្តប់ ៤០% នៃកម្លាំងពលកម្មសរុបផងដែរ។
ជាងនេះទៅទៀត លោក បានរំលេចអំពី ការកើនឡើងនៃការនាំចេញផលិតផលកសិកម្មកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារពិពលោក ក្នុងកាលៈទេសៈកូវីដ១៩។ ជារួម លោកមានប្រសាសន៍ថា “កសិកម្មជាចំណុចខ្លាំងរបស់កម្ពុជា ដែលអាចជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាឱ្យបន្តទៅមុខទៀតបាន”។