ភ្នំពេញ៖ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។
សម្ដេចតេជោមានប្រសាសន៍កន្លងទៅថ្មីៗនេះថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមកទល់ពេលនេះ គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិននៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ដោយសារការបង្កា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃជូនវិញ ។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានណែនាំឱ្យកំណត់ថ្ងៃ ឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យពោលគឺឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្ររួចសៅរ៍និងអាទិត្យដែលអាចមន្រ្តី រាជការឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ៕