ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបចំនួនពីរ គឺស្តុប ច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្តដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញនិងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសូមយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរសារាចរនៅស្តុបច្រមុះជ្រូកក្បាល ថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមុន្នីវង្សឲ្យបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកនេះចេញ។

ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសំរួលប្រព័ន្ធចរាចរណ៍ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកដែលបច្ចុប្បន្ននេះបិទមិនឲ្យធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នឲ្យដំណើរការចរាចរណ៍ តែមិនអនុញ្ញាតិឲ្យបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅលើកំណាត់ផ្លូវលេខ២២១នេះឡើយ។

លោកឃួង ស្រេង បានឯកភាពទៅនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពិនិត្យមុននឹងការបើកឲ្យធ្វើចរាចរណ៍នៅស្ទុបទាំង២នេះត្រូវតែ ធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដូចជា តាមបណ្ដាញទូរទស្សន៍ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋប្រជាពលរដ្ឋបានយល់ដឹងអំពីការកែសម្រួលប្រព័ន្ធសារាចរនៃស្តុបទាំងពីរខាងលើនេះ ៕