ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

(ខេត្តតាកែវ)៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋ អំពីក្ដីកង្វល់តំលៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយ/ដេប៉ូនៅខេត្តតាកែវ នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៨ ទីតាំង ក្នុងទីរួមខេត្តតាកែវ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយនិងដេប៉ូចែកចាយ ទាំង ០៨ ផងដែរ។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ចប់សព្វគ្រប់ហើយ យើងបានរកឃើញថា ស្ថានីយនិង​ដេប៉ូ ចំនួន ០៣ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ស្ថានីយ ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង​ស្ថានីយនិង​​ដេប៉ូ ចំនួន ០២ ទីតាំង ទៀត មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

ចំពោះតម្លៃលក់រាយ ស្ថានីយនិងដេប៉ូទាំងអស់ បានអនុវត្តត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ និងកសាងសំណុំរឿងបញ្ចូនស្ថានីយ/ដេប៉ូទាំង ០៥ ខាងលើទៅតុលាការខេត្តតាកែវ ដើម្បីធើ្វការពិន័យទៅតាមច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា៕