លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងក្នុង«កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ ទាក់ទងនឹងការការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice Federation) ស្នើដល់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC)លើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិក ដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ»ហើយការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី១៣ខែកក្តដានេះ។
កិច្ចប្រជុំពិភាក្សាផ្តោតលើការប្រមូលធាតុចូលទាក់ទងនឹងការដែលសហរដ្ឋអាមេរិកនឹងពិភាក្សាចុងក្រោយលើការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករកម្ពុជា ដែលកិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម(GSP)លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិករួមមាន ប្រទេសថៃ វៀតណាម ប្រេស៊ីល ឥណ្ឌា ភូមា និងកម្ពុជា ។
តាមការលើកឡើងពី ឧកញ៉ា សុង សារ៉ន ការនាំចូលអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមិនបានប៉ះពាល់ដល់កសិករសហរដ្ឋអាមេរិកនោះទេ ដោយហេតុថា ទីមួយ បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែប្រមាណ២០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទីពីរ គឺប្រភេទអង្ករដែលកម្ពុជានាំចូលទៅអាមេរិកជាប្រភេទ Indica Rice ប្រភេទសរីរាង្គ និងអង្ករក្រអូបរំដួលដែលខុសពីប្រភេទអង្ករដែលកសិករសហរដ្ឋអាមេរិកដាំដុះ ពោលគឺ Japonica Rice និង Carlrose Rice។
បន្ថែមពីលើនេះ លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលក៏បានផ្តល់ធាតុចូលមួយចំនួននៃគុណសម្បត្តិអង្ករកម្ពុជាដែលជួយដល់សុខភាពអ្នកប្រើប្រាស់ ហើយមិនគួរលុបចោលប្រព័ន្ធGSP លើការនាំចូលអង្ករកម្ពុជាក្នុងទីផ្សារសហរដ្ឋអាមេរិចនោះឡើយ។ បន្ទាប់ពីអង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបន្តយកទៅពិភាក្សាបន្ថែមជាមួយស្ថាប័នគោលនយោបាយ និងក្រសួងពាក់ព័ន្ធនានានៅពេលខាងមុខដើម្បីរកដំណោះស្រាយសមស្របមួយ។