សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បំរើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) នៅទីស្ដីការក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍ណែរនាំបន្ថែមទៅកាន់អង្គប្រជុំ ដោយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃដំណើរការភ្ជាប់ទិន្នន័យរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តិគួរតែរៀបចំជាអនុក្រឹត្យ ព្រោះការរៀបចំប្រកាសអន្តរក្រសួងនឹងនាំឱ្យមានប្រកាសច្រើន ដោយយសារទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងត្រូវភ្ជាប់ជាមួយនឹងទិន្នន័យក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋជាច្រើនទៀត។ ដូច្នេះសម្ដេចបានណែនាំឱ្យធ្វើសេចក្ដីព្រាងអនុក្រឹត្យ ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុងក្របខណ្ឌរាជរដ្ឋាភិបាលតែម្ដង។
នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា ការភ្ជាប់ទិន្នន័យ CamDX បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់សំណើមកសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទទួលបានការឯកភាពពីសម្ដេច ដោយសម្ដេចបានណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទទួលមុខការផ្ដល់កិច្ចសហការ ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានចាត់តាំងក្រុមបច្ចេកទេសទៅរួមបញ្ចូលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងសេដ្ឋកិច្ច ក៏បង្កើតក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុន ។ លោកបានបន្តថា មកដល់ពេលនេះ បន្ទាប់ពីមានការភ្ជាប់ប្រព័ន្ធទិន្នន័យជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានក្រុមហ៊ុនជាង១០០ហើយ ដែលត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់សំណើផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកស្នើសុំចុះបញ្ជីក្រុមហ៊ុន។
លោកនាយកបានគូសបញ្ជាក់ថា នេះគឺជាការអនុវត្តសាកល្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតែប៉ុណ្ណោះ ពោលគឺមិនទាន់ដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេ ដោយសារក្រុមការងារត្រូវរៀបចំបទដ្ឋានគតិយុត្តិជាក់លាក់ជាមុនសិន។
លោកអគ្គនាយកក៏បានលើកឡើងថា ការទាញយកទិន្នន័យពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនេះ ក៏មានការតម្រឹមដែនកំណត់មួយច្បាស់លាស់ដែរ ដោយមិនអាចប្រើប្រាស់ឱ្យលើសពីអ្វីដែលបានឯកភាពគ្នានោះទេ ហើយថារាល់ការស្នើសុំដែលលើសពីនេះគឺត្រូវមានការឆ្លងកាត់ការពិភាក្សាគ្នាសិន។
ប្រព័ន្ធCamDXគឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យមានលក្ខណៈឯកភាវូបនីយកម្ម និងយកលំនាំតាមកម្មវិធីស្តង់ដា ដែលប្រទេសអេស្តូនីបានប្រើប្រាស់ នេះបើតាមបទបង្ហាញបន្ថែមពីមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
បើតាមបទបង្ហាញ ផ្អែកលើបទពិសោធន៍ជោគជ័យរបស់អេស្តូនី ក្នុងការរៀបចំរដ្ឋាភិបាលបែប E-Government ការភ្ជាប់ទិន្នន័យនេះ មានចំណុចពិសេសៗ៥ រួមមាន ការប្រើប្រាស់ទម្រង់ប្រព័ន្ធអេកូស៊ីស្ទេម, ផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទិន្នន័យ, មិនជ្រៀតជ្រែកការគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នម្ចាស់ទិន្នន័យ, មានប្រព័ន្ធតាមដានមើលការប្រើប្រាស់តែមិនអាចមើលខ្លឹមសារនៃទិន្នន័យ និងការអនុលោមតាមគោលការណ៍ផ្លាស់ប្ដូរទិន្នន័យតាមទម្រង់API ។