ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរម្លឹកអតីតយុទ្ធជនបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើម

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរម្លឹកដល់អតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រ​កាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ។
ការក្រើនរម្លឹកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាស ដែល សម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងពិធីប្រកាសទទួល​ស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ​២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគិតគូរសាងសង់ផ្ទះចំនួន ២,៤៦០ ខ្នង។

បើប្រៀបធៀបការសាងសង់ផ្ទះជូនអតីតយុទ្ធជនទូទាំងប្រទេសទៅនឹងស្ថិតិនៃការធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ក្នុងឆ្នាំ២០១៦ ដែលបានរកឃើញអតីតយុទ្ធជនសរុបចំនួន ៦,១១៤គ្រួសារ (មានដីគ្មានផ្ទះ ឬមានផ្ទះស្នាក់នៅមិនសមរម្យ គ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈ) គឺនៅសល់ចំនួន ៣,៦៥៤គ្រួសារទៀត ដែលត្រូវបន្តសាងសង់ និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនបន្តទៀត។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក ស.អ.ក តាមបណ្តារាជធានី-ខេត្ត សរុបចំនួន៩,៧៩៣សព ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន បានផ្តល់បំពេញបន្ថែម សម្រាប់ផ្តល់ជូនគ្រួសារសមា​ជិកចំនួន ៣,១២៧សព និងបំពេញថវិកាបន្ថែម ៣,៥០០រៀល ជូនសមាជិកជាគ្រួសារជនពលី មរណៈរយៈ២៥ខែ (គិតត្រឹមការផ្ទេរថវិកាប្រចាំខែកក្កដា ឆ្នាំ២០២០) សរុបថវិកា ២ពាន់លានរៀល។
ដោយឡែក លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិក ៧៦,៩២៣​នាក់ ដែលមាននៅក្នុងបន្ទុកប្រមាណ ១០៨,៨៧១នាក់ កំពុងទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋជារៀងរាល់ខែ ក្នុងនោះ៖ មាននិវត្តជន ចំនួន ២៦,៨៩២នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន ១,៤៤៤នាក់ និងជនពិការ ចំនួន ២៦,៤៤៩នាក់ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «បងប្អូនអតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រកាន់ភ្ជាប់នូវវីរភាពអង់អាចក្លា​ហាន​ឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិបើទោះបីបច្ចុប្បន្ននេះ បងប្អូនបានក្លាយជាអតីតយុទ្ធជន ក៏ត្រូវបន្តរក្សាស្មារតីវីរភាពជាប្រពៃណីថ្លៃថ្លានេះឱ្យបានខ្ជាប់ខ្ជូន ដើម្បីធ្វើជាគំរូល្អដល់មនុស្សជំនាន់ក្រោយ ដែលត្រូវបន្តវេននៅក្នុងសង្គមជាតិ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ដើម្បីឱ្យស័ក្តិសមជាអតីតយុទ្ធអង់អាចក្លាហានសម្រាប់ជាតិ ទាមទារឱ្យអតីតយុទ្ធត្រូវបន្តចូលរួមអនុវត្តចលនាប្រឡងប្រណាំង៣ ពូកែរបស់អតីតយុទ្ធជនរួមមានទី១៖ ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២៖ ការជួយគ្នា ដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣៖ ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែនៅគ្រប់ថ្នាក់ធ្វើឱ្យក្លាយជាអតីតយុទ្ធជនដែលមានស្នាដៃលេចធ្លោទទួលបានការលើក​សរសើរ និងផ្សព្វផ្សាយជូនរង្វាន់ជាគំរូតាមគោលការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជា។

ដោយឡែក សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា សម្រាប់ពិធីប្រកាសទទួលស្គាល់អនុប្រធាន អគ្គលេខាធិការរងសមាជិកគណៈកម្មា​ធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលស្តែងបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនកម្ពុជាទាំងអស់។
បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតបានជាសមិទ្ធផល ស្នាដៃ និងវឌ្ឍភាពការ​ងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចបានក្នុងរយៈកាល៥ឆ្នាំកន្លងមក៕

ដោយ៖ សំរិត